ប៊ែរឡាំង៖ រដ្ឋាភិបាលអាល្លឺម៉ង់ ត្រូវបានកំណត់ដើម្បីបន្ទាបការ ព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួន ហើយរំពឹងថាវានឹងចុះបន្ថែមទៀត ខណៈដែលទិន្នន័យថ្មីៗនេះចង្អុល ទៅការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលបានពន្យារពេលកន្លងមក។
ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុនឹង កែប្រែការព្យាករណ៍កំណើនរបស់ខ្លួនឡើងវិញ ហើយរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ០,២ភាគរយ ធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួន ដែលមានកំណើន ០,៣ភាគរយ នេះបើយោងតាមកាសែត នាំមុខគេរបស់អាល្លឺម៉ង់ Sueddeutsche Zeitung បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
របាយការណ៍នេះ បានចាត់ទុកការស្ទុះងើបឡើងវិញ យឺតដោយសារការធ្លាក់ចុះ នៃសកម្មភាពឧស្សាហកម្ម ការនាំចេញខ្សោយ និងតម្លៃថាមពលខ្ពស់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចុះ ០,១ភាគរយនៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ បន្ទាប់ពីការកើនឡើង ០,២ភាគរយនៅក្នុងត្រីមាសទីមួយ។ វាត្រូវបានគេប៉ាន់ស្មានពីមុនថា សន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ច អាចកើនឡើងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។
ការប៉ាន់ប្រមាណបានបរាជ័យ ក្នុងការក្លាយជាការពិត បើយោងតាមរបាយការណ៍ប្រចាំខែអំពីសេដ្ឋកិច្ច ដែលចេញផ្សាយដោយ ធនាគារកណ្តាលអាល្លឺម៉ង់ Bundesbank កាលពីខែមុន។
ធនាគារកណ្តាលបានព្រមានពីការជាប់គាំង ឬការធ្លាក់ចុះនៃផលិតផល ក្នុងស្រុកសរុបពិតនៅក្នុងត្រីមាសទីបី។ ប្រភពបានបញ្ជាក់ថា “សេដ្ឋកិច្ចអាល្លឺម៉ង់ នឹងបន្តចុះខ្សោយ” ៕
ប្រែសម្រួល ឈូក បូរ៉ា