បរទេស ៖ មេធាវីបាននិយាយថា តុលាការកំពូល របស់ប្រទេសម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ បានកំណត់ ដោយផ្លាស់ប្តូរការ កាត់ទោស ប្រហារជីវិត អតីតប៉ូលីសម្នាក់ ដែលត្រូវបានកាត់ទោស ពីបទឃាតកម្មលើ ស្ត្រីជនជាតិ ម៉ុងហ្គោលីម្នាក់ ដោយជំនួសមកវិញដោយការកាត់ទោសគាត់ឱ្យជាប់គុក ៤០ឆ្នាំ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានលុបចោលការ កាត់ទោសប្រហារជីវិតជាកាតព្វកិច្ចកាលពីឆ្នាំមុន ដែលអនុញ្ញាតឱ្យអ្នក ដែលជាប់ទោសប្រហារជីវិត ស្វែងរកការពិនិត្យឡើងវិញលើ ការកាត់ទោសរបស់ពួកគេ។
Azilah Hadri ត្រូវបានកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវ បានរកឃើញថាមានពិរុទ្ធ ពីបទឃាតកម្មក្នុងឆ្នាំ២០០៦ ទៅលើស្រ្តីឈ្មោះ Altantuya Shaariibuu អាយុ ២៨ ឆ្នាំ ដែលជាតារាបង្ហាញម៉ូត និងជាអ្នកបកប្រែឱ្យអតីត សហការីរបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak ។
មេធាវីរបស់គាត់គឺ Athari Bahardin បាននិយាយថា ក្រុមដែលមានសមាជិកបីនាក់ នៃតុលាការសហព័ន្ធ របស់ប្រទេសម៉ាឡេស៊ី បានប្រកាសជាឯកច្ឆ័ន្ទ ប្តូរការកាត់ទោសប្រហារជីវិតរបស់ Azilah ដោយឱ្យជាប់ពន្ធនាគាររយៈពេល ៤០ឆ្នាំ ដោយមានប្រសិទ្ធភាព ពីការចាប់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ ។
លោក Shaariibuu Setev ដែលជាឪពុករបស់ជនរងគ្រោះ បានគាំទ្រសំណើរបស់ប៉ូលីស សម្រាប់ការកាត់ទោសប្រហារ ជីវិតដោយលើកឡើង ពីតម្រូវការគោរពភាព បរិសុទ្ធនៃជីវិតនៅក្នុងលិខិតមួយទៅកាន់តុលាការ ។
កំណត់ត្រារបស់តុលាការបង្ហាញថា ស្រ្តីឈ្មោះ Altantuya ត្រូវបានសម្លាប់ ហើយសាកសពរបស់នាង ត្រូវបានបំផ្ទុះ ជាមួយនឹងគ្រឿងផ្ទុះកម្រិតយោធានៅក្នុងព្រៃមួយនៅជាយក្រុង កូឡាឡាំពួរ របស់ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០០៦ ប៉ុន្តែសំណួរថាតើនរណាជាអ្នកបញ្ជាឱ្យសម្លាប់ គឺនៅតែមិនមានចម្លើយ។
ក្រុមសង្គមស៊ីវិលបាននិយាយថា ឃាតកម្មរបស់នាងជាប់ពាក់ព័ន្ធ នឹងតួនាទីរបស់នាងជាអ្នកបកប្រែ ក្នុងការទិញនាវាមុជទឹកបារាំងពីរគ្រឿងរបស់ម៉ាឡេស៊ីក្នុងឆ្នាំ ២០០២ ៕
ប្រែសម្រួលៈ ណៃ តុលា