ឡូសអ៊ែនជីឡេស៖ មនុស្សម្នាក់បានស្លាប់ និងចំនួន១២នាក់ផ្សេងទៀត បានជាប់នៅក្រោមដីដែលមានជម្រៅ ១,០០០ហ្វីត ស្មើនឹងប្រវែង៣០៥ម៉ែត្រ នៅក្រោមដីក្នុងអណ្តូងរ៉ែមាស មួយកន្លែងនៅរដ្ឋ Colorado សហរដ្ឋអាមេរិក ដោយសារបញ្ហាឧបករណ៍ ។
បុគ្គលទាំងនោះជាផ្នែកមួយនៃក្រុមទេសចរណ៍ ហើយបានជាប់គាំងនៅជិតបាតអណ្តូងរ៉ែមាស Mollie Kathleen ក្នុងទីក្រុង Cripple Creek តំបន់ Teller County រដ្ឋ Colorado ប្រហែលពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ ។
យោងតាមការបង្ហោះពី ការិយាល័យតម្រួតប្រចាំខេត្ត Teller បានឲ្យដឹងថា ឧបទ្ទវហេតុនេះ គឺបណ្តាលមកពីបញ្ហាឧបករណ៍ ។
លោក Jason Mikesell ស្នងការខេត្ត Teller បានលើកឡើងថា មនុស្សម្នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ ហើយមនុស្សចំនួន១២នាក់ទៀត បានជាប់គាំងនៅក្នុងអណ្តូងរ៉ែនោះ ។
លោកបានបន្តថា មនុស្សចំនួន១១នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានកុមារចំនួន ២នាក់ផងដែរ ។
លោក Mikesell បានលើកឡើងថា មនុស្សចំនួន១២នាក់ ដែលនៅជាប់គាំងនៅក្រោមដី គឺមានសុវត្ថិភាពទេ ។ ក្រុមជួយសង្គ្រោះកំពុងធ្វើការដើម្បីនាំយក ពួកគេចេញមកវិញកាលយប់ថ្ងៃព្រហស្បតិ៍ ។
លោក Mikesell បានឱ្យដឹងទៀតថា អ្នកជំនាញផ្នែកសុវត្ថិភាពនៃជណ្តើរយន្ត និងអណ្តូងរ៉ែ ស្ថិតនៅនឹងកន្លែង ដើម្បីត្រួតពិនិត្យសុវត្ថិភាពរបស់ជណ្តើរយន្ត នៅមុនពេលវាត្រូវបានប្រើប្រាស់ ដើម្បីនាំយកអ្នកដែលនៅជាប់គាំង ឡើងមកដល់លើវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា