ព័ត៌មានអន្តរជាតិ

Update ៖ ព្យុះសង្ឃរា Milton សម្លាប់មនុស្សកើនដល់ ១០នាក់ និងប្រជាជនរាប់លាននាក់ គ្មានថាមពល នៅរដ្ឋផ្លរីដា

afp

បរទេស៖ ព្យុះសង្ឃរា Milton បានបោកបក់ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបំផ្លិចបំផ្លាញនៅទូទាំងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ដែលបានបង្កជាព្យុះកំបុតត្បូង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្តែព្យុះនេះមិនបានបង្កជាគ្រោះមហន្តរាយនៃទឹកសមុទ្រដែលគួរឱ្យភ័យខ្លាចនោះទេ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បាននិយាយថា រដ្ឋបានបញ្ជៀស “សេណារីយ៉ូករណីដ៏អាក្រក់បំផុត” ទោះបីជាលោកបានព្រមានថា ការខូចខាតនៅតែមានទំហំធំ ហើយទឹកជំនន់នៅតែជាក្តីបារម្ភក៏ដោយ។

តំបន់ Tampa Bay ហាក់ដូចជាមិនអាចចៀសផុតពីការកើនឡើងនៃព្យុះដែលបានជំរុញឱ្យមានការព្រមានធ្ងន់ធ្ងរបំផុត ទោះបីជាកោះរបាំងនៅតាមច្រាំងសមុទ្រភាគខាងត្បូងទីក្រុង បានស៊ូទ្រាំនឹងទឹកជំនន់យ៉ាងខ្លាំងក៏ដោយ។

រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោក Alejandro Mayorkas បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា មានរបាយការណ៍នៃការស្លាប់ចំនួន ១០ នាក់មកទល់ពេលនេះ ដោយបន្ថែមថា វាហាក់ដូចជាពួកគេបណ្តាលមកពីព្យុះកំបុតត្បូង។ លោកបាននិយាយថាយ៉ាងហោចណាស់ ព្យុះកំបុតត្បូងចំនួន ២៧ បានប៉ះពាល់នៅរដ្ឋផ្លរីដា។

អ្នកនាំពាក្យ ខោនធី លោក Erick Gill បាននិយាយថា នៅក្នុង ខោនធី St. Lucie នៅលើឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋផ្លរីដា ខ្យល់ព្យុះកំបុតត្បូងបានសម្លាប់មនុស្ស ៥ នាក់ រួមទាំងយ៉ាងហោចណាស់ ២នាក់ នៅក្នុងសហគមន៍ Spanish Lakes ៕

ប្រែសម្រួលៈ ណៃ តុលា

To Top