ព័ត៌មានអន្តរជាតិ

ចិន មានបំណងចង់ធ្វើការជាមួយអូស្ត្រាលី ដើម្បីការពារសន្តិភាព ស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

xinhua

វៀងចន្ទន៍៖ នាយករដ្ឋមន្ត្រីចិន លោក លីឈាំង បានឲ្យដឹងថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងសកម្មភាពជាក់ស្តែង។

លោកបានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានី នៅខាងក្រៅកិច្ចប្រជុំថ្នាក់ដឹកនាំ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ដែលធ្វើឡើងនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

នៅក្នុងនោះដែរនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង បានឲ្យដឹងថា ប្រទេសចិន នឹងគាំទ្រយ៉ាងមុតមាំចំពោះសមាហរណកម្មអាស៊ាន ការកសាងសហគមន៍ និងឯករាជ្យភាពជាយុទ្ធសាស្ត្រ ហើយត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីលើកកំពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ឱ្យកាន់តែខ្ពស់ថែមទៀត។

លោកបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី២៧ ដោយបានកត់សម្គាល់ថា ជំហានថ្មីត្រូវបានធ្វើឡើងក្នុងឆ្នាំមុន ដើម្បីកសាងសហគមន៍ចិន-អាស៊ាន ជាមួយនឹងអនាគតរួមគ្នា ដែលបានផ្តល់នូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ។

លោកបានលើកឡើងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅតែមានភាពយឺតយ៉ាវ ហើយបញ្ហាជាច្រើន ដូចជាតម្រូវការសរុបសកលមិនគ្រប់គ្រាន់កំពុងកាន់តែលេចធ្លោ ដោយលោកបានបន្ថែមថា ទីផ្សារបានក្លាយជាធនធានដ៏កម្របំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបច្ចុប្បន្ន។

ដោយកត់សម្គាល់ថាប្រទេសចិន និងអាស៊ាន គឺជាទីផ្សារធំពីរ ដែលមានប្រជាជនជាង ១,៤ពាន់លាននាក់ និង ៦០០លាននាក់រៀងៗខ្លួន លោក លី បានលើកឡើងថា ធនធានទីផ្សារ គឺជាអត្ថប្រយោជន៍លេចធ្លោបំផុត សម្រាប់ប្រទេសចិន និងអាស៊ាន។ 

លោកបានបន្ថែមថា ទីផ្សារនៃប្រទេសចិន និងអាស៊ានកំពុងធ្វើឱ្យប្រសើរឡើងយ៉ាងពេញលេញ បន្តពង្រីក និងបើកកាន់តែច្រើនឡើង ហើយការពង្រឹងការតភ្ជាប់ទីផ្សារ គឺជាទិសដៅដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top