បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic អះអាងថា លោកបានបង្កើនការគាំទ្រ ចំពោះប្រទេសអ៊ុយក្រែននៅពេលដែលលោក បានចុះហត្ថលេខាក្នុងសប្តាហ៍នេះ ក្នុងនាមប្រទេសរបស់លោក ក្នុងអំឡុងកិច្ចប្រជុំកំពូលអ៊ុយក្រែន -អឺរ៉ុបអាគ្នេយ៍ នៅប្រទេសក្រូអាស៊ីក្នុងសប្តាហ៍នេះ ។
លោកVucic ស្ថិតក្នុងចំណោមអ្នកចូលរួមចំនួន ១៥ នាក់នៃការជួបជុំលើកទីបីដែលបានធ្វើឡើងក្នុងទីក្រុងឆ្នេរសមុទ្ររបស់ក្រូអាត Dubrovnik កាលពីថ្ងៃពុធ។
សេចក្តីថ្លែងការណ៍ចុងក្រោយបានថ្កោលទោស យ៉ាងច្បាស់លាស់ចំពោះប្រទេសរុស្ស៊ីចំពោះអ្វីដែលខ្លួនហៅថា ជាសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ដែលមិនសមហេតុផល និងខុសច្បាប់ ។
រដ្ឋាភិបាលទីក្រុង Belgrade ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រុស្ស៊ី បានប្រកាសស្វែងរកសមាជិកភាព នៅក្នុងសហភាពអឺរ៉ុប ហើយកំពុងស្ថិតនៅក្រោមសម្ពាធ ពីទីក្រុងប្រ៊ូលសែល ដើម្បី អនុឡោមទៅតាម គោលនយោបាយការបរទេស របស់ខ្លួនជាមួយនឹងប្លុកសេដ្ឋកិច្ចនេះ។
កន្លងមករដ្ឋាភិបាលស៊ែប៊ីបានបដិសេធមិនគាំទ្រការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី ដែលមន្ត្រីសហភាពអឺរ៉ុបហៅថាជាឧបសគ្គធំដល់ការចូលជាសមាជិក។
នៅពេលត្រូវបានសួរអំពីហត្ថលេខា របស់គាត់នៅក្រោមឯកសារប្រឆាំងរុស្ស៊ី ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Dubrovnik ប្រធានាធិបតីស៊ែប៊ី បានបដិសេធថា គាត់មិនបានព្យាយាមអង្គុយ លើកៅអីពីរនោះទេ ។ លោក Vucic បានបន្តទៀតថា៖ការចូលរួមក្នុងព្រឹត្តិការណ៍នេះ បានផ្តល់ឱកាសមួយ ដើម្បីធ្វើឱ្យសំឡេងជនជាតិស៊ែប៊ី បានឮជាអន្តរជាតិ និងដើម្បីសម្របសម្រួលសេចក្តីថ្លែងការណ៍ ចុងក្រោយនេះឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី