ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាស​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៥៣ពាន់លានដុល្លារ ដល់​អ៊ុយក្រែន

afp

ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសថា ប្រទេសអាល្លឺម៉ង់ រួមជាមួយបែលហ្ស៊ិក ដាណឺម៉ាក និងន័រវេស នឹងផ្តល់កញ្ចប់ជំនួយយោធាមួយទៀត ដែលមានតម្លៃប្រហែល ១,៤ពាន់លានអឺរ៉ូ (១,៥៣ពាន់លានដុល្លារ) ដល់ប្រទេសអ៊ុយក្រែននៅត្រឹមចុងឆ្នាំនេះ។

លោក Scholz បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកទីបួនរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ទៅកាន់ប្រទេសអាល្លឺម៉ង់ចាប់តាំងពីដើមឆ្នាំនេះ។

កញ្ចប់ជំនួយនឹងរួមបញ្ចូលប្រព័ន្ធការពារដែនអាកាស រថក្រោះប្រយុទ្ធ យន្តហោះដ្រូន និងគ្រាប់កាំភ្លើងធំ ក្នុងចំណោមឧបករណ៍ផ្សេងៗទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយលោក Scholz បានឲ្យដឹងថា អាល្លឺម៉ង់ ក៏បានសន្យាបន្ថែម ១៧០លានអឺរ៉ូ ដើម្បីជួយអ៊ុយក្រែនជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលដែលខូច និងស្ដារឡើងវិញនូវកំដៅមុនរដូវរងា។

នៅក្នុងនោះដែរប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី បានសម្តែងការដឹងគុណ ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ និងបានអំពាវនាវឱ្យបន្តជំនួយអន្តរជាតិដល់អ៊ុយក្រែន។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចប្រជុំកំពូលសន្តិភាពលើកទី២ នាពេលខាងមុខ និងផែនការសម្រេចបានសន្តិភាព។  លោក ហ្សេឡិនស្គី បានឲ្យដឹងថា លោកចង់បញ្ចប់ជម្លោះនៅឆ្នាំ២០២៥៕

ប្រែសម្រួល៖ ឈូក បូរ៉ា

To Top