ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ យ៉ាងហោចណាស់ មានពលរដ្ឋប៉ាឡេស្ទីន ចំនួន១៩នាក់ បានស្លាប់បាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀត បានរងរបួស នៅក្នុងការបាញ់ផ្លោង របស់អ៊ីស្រាអ៊ែល ទៅលើលំនៅដ្ឋាន សាលារៀនចំនួន១កន្លែង ដែលជនភៀសខ្លួននៅក្នុងជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាល នៃតំបន់ហ្គាហ្សាស្ទ្រីប ។
ប្រភព និងសាក្សីនៅក្នុងតំបន់ បានរាយការណ៍មកថា កាំភ្លើងធំរបស់អ៊ីស្រាអ៊ែល បានបាញ់ទៅលើសាលារៀន Al-Mufti ដែលមានគ្រួសារជាច្រើន ដែលផ្លាស់ទីលំនៅនៅក្នុងជំរុំ Nuseirat នៅភាគខាងជើង ។
ក្រុមរថយន្តសង្គ្រោះបន្ទាន់ និងអង្គភាពការពារស៊ីវិល បានទៅដល់ទីតាំង គោលដៅនោះភ្លាមៗដែរ ដោយពួកគេបាន បន្ថែមពន្លឺពិល និងភ្លើងទូរស័ព្ទដៃ សម្រាប់ទីងងឹត ដែលបណ្តាល មកពីការដាច់ចរន្តអគ្គិសនី ខណៈដែលក្រុម ជួយសង្គ្រោះ កំពុងធ្វើការដឹកជញ្ជូន អ្នករបួសចេញ ។
ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ក្រុមជួយសង្គ្រោះ បានរកឃើញ សាកសពចំនួន១៩នាក់ និងអ្នករបួសប្រហែល៨០នាក់ បូករួមទាំងកុមារ និងស្ត្រី ហើយបានបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យ នៅកណ្តាលនៃតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ ៖ ម៉ៅ បុប្ផាមករា