ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយសកល សម្ដែងការព្រួយបារម្ភ ចំពោះភាព គួរឱ្យទុកចិត្ត របស់បញ្ញាសិប្បនិម្មិត AI

xinhua

បរទេស ៖ អង្គការប្រព័ន្ធផ្សព្វផ្សាយ ភាគច្រើននៅទូទាំងពិភពលោក បានសម្តែងការព្រួយបារម្ភ អំពីភាព គួរឱ្យទុកចិត្ត នៃបញ្ញាសិប្បនិម្មិត (AI) នេះបើយោងតាមការស្ទង់មតិនាពេលថ្មីៗនេះ ដែលធ្វើឡើងដោយក្រុមអ្នកគិត នៅក្រោមទីភ្នាក់ងារព័ត៌មានស៊ីនហួ ។

ការស្ទង់មតិដែលគ្របដណ្តប់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមកពី ៥៣ ប្រទេស និងតំបន់ ត្រូវបានធ្វើឡើងជាភាសាចិន អង់គ្លេស និងបារាំង។ វាគឺជាផ្នែកមួយនៃរបាយការណ៍ “ទំនួលខុសត្រូវ និងបេសកកម្មនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងយុគសម័យ AI” ដែលត្រូវបានចេញផ្សាយនៅថ្ងៃច័ន្ទនេះ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៦ ដែលកំពុងបន្តនៅទីក្រុង Urumqi រដ្ឋធានីនៃតំបន់ស្វយ័ត ស៊ីនជាំង ភាគពាយព្យនៃប្រទេសចិន។

ការស្ទង់មតិបានបង្ហាញថា ៧៦,៤ភាគរយនៃអ្នកឆ្លើយតបមានការព្រួយបារម្ភអំពីសក្តានុពល “ការបង្ខូចទ្រង់ទ្រាយ និងការតម្រឹមព័ត៌មាន និងសម្ភារៈផ្សេងៗ” ដែលអាចកើតមាននៅពេលសួរអំពីបញ្ហា ដែលពួកគេបានជួបប្រទះ ឬរំពឹងថានឹងជួបប្រទះជាមួយជំនាន់ AI។ តួលេខនេះលើសពី ៦១,១ភាគរយដែលលើកឡើងពី “បញ្ហារក្សាសិទ្ធិ និងការទទួលខុសត្រូវ” ជាកង្វល់ធំទីពីររបស់ពួកគេ។

ការស្ទង់មតិបានកត់សម្គាល់ថា នៅពេលពិចារណា លើផលប៉ះពាល់នៃ AI ជំនាន់ថ្មីលើភាពជឿជាក់ នៃព័ត៌មានរបស់ឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខ អ្នកឆ្លើយសំណួរ ៣៦,៤ភាគរយបានបង្ហាញពីទស្សនវិស័យទុទិដ្ឋិនិយម។

តួលេខនេះគឺ ១២,៣ភាគរយខ្ពស់ជាង ២៤,១ ភាគរយដែលមានសុទិដ្ឋិនិយម។ ទន្ទឹមនឹងនេះដែរផ្នែកសំខាន់ ៣៩,៥ភាគរយ នៅតែអព្យាក្រឹតក្នុងការរំពឹងទុករបស់ពួកគេ។

ផ្អែកលើការស្ទង់មតិ អ្នកគិតបានរំពឹងថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោកភាគច្រើនទំនងជានឹងដាក់កម្រិត AI ជំនាន់ថ្មីទៅនឹងតួនាទីគាំទ្រតិចតួចក្នុងការផលិតមាតិកា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top