បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យោធាកូរ៉េខាងជើង បានបញ្ជាឱ្យអង្គភាព កាំភ្លើងធំជួរមុខ “ត្រៀមខ្លួន ជាស្រេចដើម្បី បើកការបាញ់ប្រហារ” លើប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីយន្តហោះគ្មាន មនុស្សបើកមកពីកូរ៉េខាងត្បូងបានទម្លាក់ខិត្តប័ណ្ណ ឃោសនាលើទីក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងកាលពីថ្ងៃសុក្រថា កូរ៉េខាងត្បូងបានហោះហើរយន្តហោះគ្មានមនុស្សបើកដែលដឹកខិត្តប័ណ្ណឃោសនាពាសពេញរដ្ឋធានី ក្នុងឱកាសបីផ្សេងគ្នាក្នុងខែនេះ រួមទាំងជើងហោះហើរពីរ នៅដើមសប្តាហ៍នេះ។ KCNA រាយការណ៍ថា ខណៈដែលកូរ៉េខាងជើង បានឆ្លើយតបទៅ នឹងយុទ្ធនាការ ឃោសនាពីមុនដោយការ បញ្ជូន ប៉េងប៉ោង ដែលពោរពេញទៅដោយសំរាម និងកាកសំណល់ទៅភាគខាងត្បូង ឧប្បត្តិហេតុចុងក្រោយនេះ ធានាឱ្យមានការឆ្លើយតបខាងយោធា។
ទីភ្នាក់ងារនេះបានសរសេរ ដោយស្រង់ប្រភពពីក្រសួងការពារជាតិថា “អគ្គសេនាធិការនៃកងទ័ពប្រជាជនកូរ៉េ បានចេញបញ្ជាប្រតិបត្តិការបឋមនៅថ្ងៃទី ១២ ខែតុលា ដល់អង្គភាពកាំភ្លើងធំរួមបញ្ចូលគ្នា នៅតាមព្រំដែន…ដើម្បីត្រៀមខ្លួនជាស្រេចក្នុងការបាញ់ប្រហារ” ។
សេចក្តីរាយការណ៍បានបន្ថែមថា បញ្ជានេះបានដាក់កងពលធំ កាំភ្លើងធំចំនួន ៨ ដែលប្រដាប់ដោយកម្លាំងពេញ សម័យសង្គ្រាមឱ្យរង់ចាំបញ្ជា ដើម្បីបើកការបាញ់ប្រហារ ។
យោងតាមរបាយការណ៍ឆ្នាំ២០២០ របស់សាជីវកម្ម RAND ដែលជាស្ថាប័នគិតគូរដែលផ្តល់មូលនិធិដោយយោធាសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿថា មានកាំភ្លើងធំជាង ១០.០០០ដើម ត្រូវបានជីកនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ខ្លួន ដែលក្នុងនោះ ៦.០០០ដើម ស្ថិតនៅក្នុងជួរនៃមជ្ឈមណ្ឌលប្រជាជនកូរ៉េខាងត្បូង។ របាយការណ៍ RAND បានប៉ាន់ប្រមាណថា ប្រសិនបើសង្គ្រាមផ្ទុះឡើងរវាងកូរ៉េទាំងពីរ មនុស្សជាង ២០៥.០០០ នាក់អាចនឹងត្រូវសម្លាប់នៅទីក្រុងសេអ៊ូល អ៊ីនឈុន ជីមប៉ូ និងទីក្រុងផ្សេងទៀតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលមួយម៉ោង៕
ប្រែសម្រួលៈ ណៃ តុលា