បរទេស៖ ក្រុមហ៊ុន Hyosung Group (កូរ៉េខាងត្បូង) គ្រោងនឹងវិនិយោគបន្ថែម ៤ ពាន់លានដុល្លារអាមេរិក ដែលបង្កើនទ្វេដងនៃដើមទុនសរុប ដែលបានវិនិយោគនៅវៀតណាម។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ (Pham Minh Chinh) នារសៀលថ្ងៃទី១៤ ខែតុលា លោក Cho Hyun-joon ប្រធានក្រុមហ៊ុន Hyosung Group (កូរ៉េខាងត្បូង) បានអះអាងថា បរិយាកាសវិនិយោគរបស់វៀតណាម មានភាពជឿជាក់ខ្លាំង។ លោកជឿជាក់ថា វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌល ផលិតកម្មរបស់អាស៊ី។
លោក Cho Hyun-joon បានបញ្ជាក់សារជាថ្មីថា ក្រុមហ៊ុន “Hyosung កំពុងធ្វើការប្តេជ្ញាចិត្ត ដើម្បីដាក់អនាគតរបស់ខ្លួននៅទីនេះ (វៀតណាម) សម្រាប់ ១០០ ឆ្នាំខាងមុខ ដោយដាក់ខ្លួនមិនត្រឹមតែ ជាក្រុមហ៊ុនកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែក៏ជាក្រុមហ៊ុនវៀតណាមផងដែរ” ។
យោងតាមលោក Cho Hyun-joon ក្រុមនេះគ្រោងនឹងវិនិយោគបន្ថែម ៤ពាន់លានដុល្លារអាមេរិក ដោយបង្កើតការងារថ្មីប្រហែល ១០.០០០កន្លែង ។ លោកបានបន្តថា៖ «នេះគឺដើម្បីរួមចំណែកបន្ថែមទៀតក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម។
Hyosung គឺជាដៃគូ FDI ធំទី 3 របស់កូរ៉េនៅវៀតណាម បន្ទាប់ពី ក្រុមហ៊ុន Samsung និង LG ។ ចាប់តាំងពីឆ្នាំ ២០០៧ ក្រុមនេះបានបណ្តាក់ទុនជាង ៤ ពាន់លានដុល្លារអាមេរិក នៅក្នុងវិស័យសំខាន់ៗដូចជា ឧស្សាហកម្មវត្ថុធាតុដើម វាយនភណ្ឌ គីមីវិទ្យា និងប្រព័ន្ធអគ្គិសនី។ បច្ចុប្បន្ននេះ ស្ទើរតែទាំងអស់នៃរោងចក្ររបស់ពួកគេ នៅក្នុងប្រទេសកូរ៉េត្រូវបានផ្ទេរ ទៅប្រទេសវៀតណាម។ ដូច្នេះ ដោយមានទុនបន្ថែមចំនួន ៤ ពាន់លានដុល្លារអាមេរិក ដើមទុនសរុបដែលវិនិយោគិននេះគ្រោងនឹង បង្ហូរចូលប្រទេសវៀតណាមនឹងកើនឡើងដល់ ៨ ពាន់លានដុល្លារនាពេលអនាគត៕
ប្រែសម្រួលៈ ណៃ តុលា