សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ (KCNA) បានរាយការណ៍ឲ្យដឹង នៅថ្ងៃអង្គារនេះថា មេដឹកនាំកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា (កូរ៉េខាងជើង) កាលពីថ្ងៃចន្ទ បានកោះប្រជុំពិគ្រោះយោបល់ មួយស្តីពីការការពារជាតិ និងសន្តិសុខ នៅក្នុងវិធានការចុងក្រោយ របស់ប្រទេសនេះ ដើម្បីដោះស្រាយភាពតានតឹង ដែលកំពុងកើនឡើងនៅលើឧបទ្វីបកូរ៉េ ។
លោក គីម ជុងអ៊ុន អគ្គលេខាបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់កូរ៉េខាងជើង បានថ្លែងដោយសង្ខេបអំពីការវិភាគទូទៅនៃ “ករណីនៃការបង្កហេតុដ៏ធ្ងន់ធ្ងររបស់សត្រូវ ដែលបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសកូរ៉េខាងជើង” ក៏ដូចជាការប្រឆាំងយោធារបស់ប្រទេសនេះ ។
ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ក្នុងកិច្ចប្រជុំនេះ បានលើកឡើងអំពីផែនការ វិធានការសម្រាប់ទំនើបកម្មអាវុធ ស្ថានភាពនៃការផលិតអាវុធ និងឧបករណ៍ និងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ផងដែរ ។
បើយោងតាមទីភ្នាក់ងារ KCNA បានរាយការណ៍ឲ្យដឹងថា នៅក្នុង ជំនួបនោះដែរ មេដឹកនាំកូរ៉េខាងជើង បានកំណត់ទិសដៅ នៃសកម្មភាពយោធា ក្នុងកាលៈទេសៈនាពេលបច្ចុប្បន្ននេះ និង បានបញ្ជាក់ពីភារកិច្ចក្នុងប្រតិបត្តិការរារាំងសង្គ្រាម និងក្នុងការអនុវត្តសិទ្ធិការពារស្វ័យការពារ សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ជាតិ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា