យេរ៉ូសាឡឹម ៖ កាលពីថ្ងៃចន្ទ លោក បេចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល បានប្តេជ្ញាថា នឹងធ្វើការវាយប្រហារ ទៅលើក្រុមហេបូឡាហ៍ (Hezbollah) ដោយគ្មានមេត្តាឡើយ ដែលការប្តេជ្ញានេះ បានធ្វើឡើងមួយថ្ងៃក្រោយ ពីមានការវាយប្រហារដ៏សាហាវបំផុត របស់ក្រុមសកម្មប្រយុទ្ធ នៅលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ មកលើអ៊ីស្រាអ៊ែល ចាប់តាំងពីការចាប់ផ្តើម នៃសង្រ្គាមនៅចុងខែកញ្ញាមកនេះ ។
ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុម ហេបូឡាហ៍ មកលើមូលដ្ឋានអ៊ីស្រាអ៊ែល បានសម្លាប់ទាហានចំនួន ០៤នាក់កាលពីថ្ងៃអាទិត្យ ខណៈអ្នកជួយសង្គ្រោះស្ម័គ្រចិត្ត បានឲ្យដឹងថាមនុស្សចំនួន ៦០នាក់ផ្សេងទៀតបានរងរបួស ។
លោក ណេតាន់យ៉ាហ៊ូ បានថ្លែងនៅក្នុងដំណើរ ទស្សនកិច្ចទៅកាន់មូលដ្ឋាននៅជិត Binyamina ភាគខាងត្បូងទីក្រុង Haifa ថា “យើងនឹងបន្តវាយប្រហារ ដោយឥតមេត្តាឡើយ ចំពោះក្រុមហេបូឡាហ៍ នៅគ្រប់ផ្នែកទាំងអស់នៃប្រទេសលីបង់ បូករួមទាំងទីក្រុងបេរ៉ាត់” ផងដែរ ។
ចំណែកក្រុម ហេបូឡាហ៍វិញ បាននិយាយថាថា ខ្លួនបានបើកដំណើរ ការវាយលុក ដោយ “កងយន្តហោះគ្មានមនុស្សបើក” ដើម្បីឆ្លើយតបទៅនឹងការវាយ ប្រហាររបស់អ៊ីស្រាអ៊ែល ដែលកាល ពីមួយសប្តាហ៍មុនក្រសួងសុខាភិបាល របស់ប្រទេសលីបង់ បានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ចំនួន២២នាក់នៅកណ្តាលទីក្រុង បេរ៉ាត់ ។
យោងតាមតួលេខរបស់ទីភ្នាក់ងារ AFP ដែលបានមកពីក្រសួងសុខាភិបាលលីបង់ បើទោះបីជាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងក៏ដោយ បានឲ្យដឹងថា គិតចាប់តាំងពីអ៊ីស្រាអ៊ែល ធ្វើការវាយប្រហារកាលពីថ្ងៃទី២៣ ខែកញ្ញា បានបង្កើនការទម្លាក់គ្រាប់បែករបស់ខ្លួន ប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសលីបង់ ហើយសង្រ្គាមនេះបាន សម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន១.៣១៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា