បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រាប់ប្រធានាធិបតីអាមេរិក លោក Joe Biden ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ នឹងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ មិនមែនរោងចក្រប្រេង ឬនុយក្លេអ៊ែរនោះទេ, នេះបើយោងតាមមន្ត្រីអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីទាំងនោះត្រូវបានដកស្រង់សម្តីដោយកាសែត Washington Post និង Wall Street Journal ដែលទាំងពីរបានរាយការណ៍ កាលពីល្ងាចថ្ងៃចន្ទថា លោក Netanyahu បានធ្វើការសន្យាក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរកាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍របស់សេតវិមាន អំពីការអំពាវនាវនេះមិនបាននិយាយអំពី ផែនការរបស់អ៊ីស្រាអែលនោះទេ មានតែលោក Biden បានបញ្ជាក់ឡើងវិញនូវការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងបានថ្កោលទោសការវាយប្រហារ ដោយមីស៊ីលអ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែល។
ការវាយប្រហាររបស់អ៊ីរ៉ង់បានកើតឡើង ជាការឆ្លើយតបទៅនឹងការសម្លាប់ របស់អ៊ីស្រាអែលលើលោក Hassan Nasrallah ដែលជាប្រធានក្រុមសកម្មប្រយុទ្ធ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយចំពេលមានការកើនឡើងនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុម ហេសបូឡា ។
អ៊ីស្រាអែលបានសន្យាឆ្លើយតប ប្រឆាំងនឹងអ៊ីរ៉ង់វិញ ខណៈអាមេរិកបានប្រកាសដាក់ ពង្រាយប្រព័ន្ធខែលការពារដែនអាកាស និងទាហានអាមេរិក ដើម្បីប្រតិបត្តិការការពារអ៊ីស្រាអែល ៕
ប្រែសម្រួលៈ ណៃ តុលា