សេអ៊ូល៖ ភាពតានតឹងបាននិងកំពុង កើនឡើងរវាងកូរ៉េទាំងពីរ ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រកាសថា ខ្លួនបានបញ្ជាឱ្យអង្គភាពកាំភ្លើងធំនៅតាមព្រំដែន “ត្រៀមខ្លួនជាស្រេច ដើម្បីបើកការបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងការហោះហើរយន្តហោះដ្រូន ដែលមានសក្តានុពលមួយផ្សេងទៀត បន្ទាប់ពីការអះអាងរបស់ខ្លួនថាទីក្រុងសេអ៊ូល បានហោះហើរយន្តហោះដ្រូន ចូលដែនអាកាសរបស់ខ្លួន។
ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់កូរ៉េខាងត្បូងថាបានអនុវត្ត “ការជ្រៀតចូលដោយយន្តហោះដ្រូន” បីដងកាលពីដើមខែនេះ ដើម្បីទម្លាក់ខិត្តប័ណ្ណ ប្រឆាំងទីក្រុងព្យុងយ៉ាងមួយចំនួនធំនៅលើរដ្ឋធានី។ ក្រសួងការពារជាតិរបស់ប្រទេសនេះក៏បានឲ្យដឹងថា ប៉ុស្តិ៍សង្កេតការណ៍ការពារដែនអាកាស ត្រូវបានពង្រឹងនៅក្នុងទីក្រុងព្យុងយ៉ាង នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
កូរ៉េខាងត្បូង បានបដិសេធមិនបញ្ជាក់ថា តើយោធារបស់ខ្លួន ឬអង្គការស៊ីវិលបានបញ្ជូនយន្តហោះដ្រូន ប៉ុន្តែបានព្រមានថា កូរ៉េខាងជើងនឹងប្រឈមមុខនឹង “ការបញ្ចប់នៃរបបរបស់ខ្លួន” ប្រសិនបើខ្លួនបើកការវាយប្រហារលើប្រទេសនេះ។
ក្រសួងការពារជាតិកូរ៉េខាងជើង បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ទីក្រុងព្យុងយ៉ាង នឹងចាត់ទុកវាថាជា “ការប្រកាសសង្រ្គាម” ប្រសិនបើយន្តហោះដ្រូនមកពីកូរ៉េខាងត្បូង ត្រូវបានគេប្រទះឃើញម្តងទៀត នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ។
លោកស្រី គីម យូជុង ដែលជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងជាមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច បានថ្កោលទោសទីក្រុងសេអ៊ូល នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយ KCNA កាលពីថ្ងៃអាទិត្យ ដោយហៅការបដិសេធរបស់ខ្លួន ចំពោះការបញ្ជូនយន្តហោះដ្រូនថាជា “ឧក្រិដ្ឋកម្មដ៏លាក់កំបាំងនៃ ការស្វែងរកការបញ្ឆេះភ្លើង សម្រាប់ការផ្ទុះឡើងនៃ សង្រ្គាមនៅក្នុងតម្លៃណាមួយ”។
កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងជើង បានប្រកាសវិធានការ ដើម្បីបំបែកទឹកដីរបស់ខ្លួនទាំងស្រុងពីកូរ៉េខាងត្បូង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ ដោយនិយាយថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងផ្លូវថ្នល់ និងផ្លូវដែកជាមួយកូរ៉េខាងត្បូង និងពង្រឹងតំបន់នៅម្ខាងនៃព្រំដែន៕
ប្រែសម្រួល ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
								 
																											 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									