បរទេស៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាល្លឺម៉ង់ បានអះអាងថា រុស្ស៊ីកំពុងរំខាន ប្រទេសអាល្លឺម៉ង់ ហើយកំពុងស្វែងរកការ ធ្វើឱ្យខូចដល់ការរួបរួម របស់ខ្លួនតាមរយៈការផ្សព្វផ្សាយ ព័ត៌មានមិនពិត ប្រតិបត្តិការឥទ្ធិពល និងការបំផ្លិចបំផ្លាញ ដោយប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់រូបនេះ បានស្នើឱ្យសមាជិកសភាផ្តល់អំណាច និងថវិកាបន្ថែម។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកនៃសេវាស៊ើប ការណ៍សម្ងាត់សហព័ន្ធ (BND) ការិយាល័យការពាររដ្ឋធម្មនុញ្ញ (BfV) និងសេវាប្រឆាំងចារកម្មយោធា (MAD) បានផ្តល់សក្ខីកម្មប្រចាំឆ្នាំរបស់ពួកគេដល់គណៈកម្មាធិការគ្រប់គ្រងរបស់សភាសហព័ន្ធ Bundestag កាលពីថ្ងៃចន្ទ។
ប្រមុខ BND លោក Bruno Kahl បានអះអាងថា ទីក្រុងមូស្គូមើលឃើញ ទីក្រុងប៊ែរឡាំងជាសត្រូវ ដោយសារតែការគាំទ្រ របស់អាល្លឺម៉ង់សម្រាប់អ៊ុយក្រែន ហើយថា រុស្ស៊ីបានចាប់ផ្តើម រួចហើយដើម្បី “ចាប់ផ្តើមវិធានការ ដោយផ្ទាល់ប្រឆាំង នឹងលោកខាងលិច” ។
លោក Kahl បានប្រាប់ គណៈកម្មាធិការថា “កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រហែលជាអាចធ្វើការ វាយប្រហារលើអង្គការ ណាតូ ទាក់ទងនឹងបុគ្គលិក និង សម្ភារៈនៅចុងទសវត្សរ៍នេះ” ។ ចំណែកលោក Thomas Haldenwang ដែលជាប្រធាន សេវាសន្តិសុខផ្ទៃក្នុង ការិយាល័យការពារ រដ្ឋធម្មនុញ្ញបានអះអាងថា រុស្ស៊ីស្វែងរកការបែងចែក សង្គមអាល្លឺម៉ង់ ដោយប្រើបញ្ហាសង្គម ដែលមានស្រាប់ ៕
ប្រែសម្រួលៈ ណៃ តុលា