ព័ត៌មានអន្តរជាតិ

តារាចម្រៀងអង់គ្លេស លោក Liam Payne សមាជិកក្រុម One Direction បានស្លាប់ បន្ទាប់ពីលោកធ្លាក់ពីជាន់ទី៣ នៅសណ្ឋាគារប្រទេសអាហ្សង់ទីន

AFP

អាហ្សង់ទីន៖ ប៉ូលិសអាហ្សង់ទីនបាននិយាយថា តារាចម្រៀងជនជាតិអង់គ្លេស លោក Liam Payne អតីតសមាជិកក្រុមចម្រៀងប៉ុប One Direction បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ ៣១ឆ្នាំ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៣ នៃសណ្ឋាគារមួយក្នុងទីក្រុង Buenos Aires យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ប៉ុន្មាននាទីបន្ទាប់ពីព័ត៌មាននេះ បានបែកធ្លាយ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅជិតកន្លែង កើតហេតុក្នុងរដ្ឋធានីអាហ្សង់ទីន ជាកន្លែងដែលក្រុមគ្រូពេទ្យនៅតែធ្វើការ។
សេចក្តីថ្លែងការណ៍របស់ប៉ូលីសបាននិយាយថា លោក Liam James Payne អ្នកនិពន្ធបទភ្លេង និងអ្នកលេងហ្គីតា អតីតសមាជិកក្រុម One Direction បានទទួលមរណភាពនៅថ្ងៃនេះ បន្ទាប់ពីធ្លាក់ពីលើសណ្ឋាគារជាន់ទី ៣ ។

លោក Alberto Crescenti ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ទីក្រុង SAME បានប្រាប់ទូរទស្សន៍ក្នុងស្រុក ដោយបន្ថែមថា មិនមានលទ្ធភាពនៃការសង្គ្រោះជីវិតឡើងវិញទេ ។ Crescenti បានបន្ថែមថា បុគ្គលិកសង្គ្រោះបន្ទាន់បាន ប្រញាប់ប្រញាល់ទៅកាន់សណ្ឋាគារ Casa Sur ក្នុងតំបន់ Palermo របស់ទីក្រុង បន្ទាប់ពីមានការហៅទូរស័ព្ទទៅកាន់លេខ ៩១១ នៅម៉ោង ១៧.០៤ ល្ងាចម៉ោងក្នុងស្រុក ៕

To Top