ហ្គាហ្សា៖ ប្រធានាធិបតីប៉ាឡេស្ទីនបានថ្កោលទោស ចំពោះការឡោមព័ទ្ធដែល កំពុងបន្តរបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាភាគខាងជើង ដែលបានបន្តអស់រយៈពេល ១១ថ្ងៃជាប់ៗគ្នា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA អ្នកនាំពាក្យប្រធានាធិបតីលោក Nabil Abu Rudeineh បានហៅការឡោមព័ទ្ធរបស់អ៊ីស្រាអែល និងប្រតិបត្តិការយោធា ដែលកំពុងបន្តដែលបង្ខំឱ្យ ប្រជាជនជម្លៀសចេញពីផ្ទះរបស់ពួកគេថា “ឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវផ្តន្ទាទោសតាមច្បាប់អន្តរជាតិ”។
លោកបានលើកឡើងថា “វាមិនអាចទទួលយកបានទេ ក្នុងការអនុញ្ញាតឱ្យបន្តការ ឈ្លានពានរបស់អ៊ីស្រាអែល ខណៈពេលដែលក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅតែខ្វិនដោយសារគោលនយោបាយ របស់សហរដ្ឋអាមេរិក ដែលគាំទ្រអ៊ីស្រាអែល និងសកម្មភាពរបស់ខ្លួន ដែលប្រឆាំងនឹងឆន្ទៈអន្តរជាតិ” ។
លោក Abu Rudeineh បានសង្កត់ធ្ងន់ថា គោលនយោបាយរបស់សហរដ្ឋអាមេរិកទាំងនេះ “បានរំលោភលើការហាមឃាត់ទាំងអស់ នៃច្បាប់អន្តរជាតិ និងបានផ្តល់ឱ្យកងកម្លាំងកាន់កាប់ឧក្រិដ្ឋជន នូវគ្រប់ទម្រង់នៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធា ដោយលើកទឹកចិត្តឱ្យពួកគេប្រព្រឹត្តឧក្រិដ្ឋកម្ម ដ៏សាហាវប្រឆាំងនឹងប្រជាជនរបស់យើង និងប្រជាជនក្នុងតំបន់” ។
សាក្សីបានប្រាប់កាសែតស៊ីនហួថា កងទ័ពអ៊ីស្រាអែល កំពុងឡោមព័ទ្ធគ្រួសាររាប់សិបនាក់ ដែលភាគច្រើនមានស្ត្រី និងកុមារ ដោយរារាំងពួកគេមិនឱ្យចាកចេញ ពីតំបន់ភាគខាងជើង និងធ្វើឱ្យពួកគេប្រឈមនឹងការស្លាប់ ៕
ប្រែសម្រួល ឈូក បូរ៉ា