ព័ត៌មានអន្តរជាតិ

អឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ អំពាវនាវឱ្យមានបទឈប់បាញ់ ជាបន្ទាន់នៅតំបន់មជ្ឈិមបូព៌ា

Xinhua
" "

ប្រ៊ុចសែល៖ មេដឹកនាំនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃ ភាពតានតឹងនៅមជ្ឈិមបូព៌ា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។

នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូល លើកដំបូងរវាងសហភាពអឺរ៉ុប និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដែលក្រុមប្រទេសបារ៉ែន គុយវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ពួកគេបានអំពាវនាវ ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា ការដោះលែងចំណាប់ខ្មាំង ការដោះដូរអ្នកទោសប៉ាឡេស្ទីន និងការចូលប្រើប្រាស់មនុស្សធម៌ គ្មានការរារាំងដល់ប្រជាជនស៊ីវិល។

" "

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “យើងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការសម្រេចបាននូវ សិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការសម្រេចចិត្តដោយខ្លួនឯង តាមរយៈដំណោះស្រាយរដ្ឋពីរដែលអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅជាមួយគ្នា ដោយសន្តិភាពក្នុងព្រំដែនដែលមានសុវត្ថិភាព និងទទួលស្គាល់តាមខ្សែបន្ទាត់ឆ្នាំ១៩៦៧” ។

" "

ប្រភពក៏​បាន​ឲ្យដឹងដែរ​ថា ពួកគេ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​កើនឡើង​ដ៏​គ្រោះថ្នាក់​នៅ​ប្រទេស​លីបង់ ហើយ​បាន​អំពាវនាវ​ឲ្យ​ មាន​បទ​ឈប់​បាញ់​ជា​បន្ទាន់។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “យើងនឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិសុខ និងវិបុលភាពសកល និងក្នុងតំបន់ រួមទាំងការទប់ស្កាត់ការកើតឡើង និងការកើនឡើងនៃជម្លោះ និងការដោះស្រាយវិបត្តិដោយការពង្រឹងកិច្ចសន្ទនា ការសម្របសម្រួល និងការចូលរួមរបស់យើង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top