ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក បានជំរុញឱ្យអ៊ីស្រាអែល ផ្តល់សិទ្ធិចូលទៅកាន់តំបន់ហ្គាហ្សាភាគខាងជើង ជាកន្លែងដែលអំពើហិង្សាកើនឡើងបានរារាំងបេសកកម្មមនុស្សធម៌ មិនឱ្យផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗ។
ចំពេលមានភាពច្របូកច្របល់ អង្គការសុខភាពពិភលោក និងដៃគូរបស់ខ្លួនបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជំងឺស្វិតដៃជើងជុំទីពីរកាលពីថ្ងៃចន្ទក្នុងគោលបំណងចាក់វ៉ាក់សាំងកុមារជាងកន្លះលាននាក់។
ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានសរសេរថា “ចំនួនកុមារសរុប ដែលបានទទួលវ៉ាក់សាំងជំងឺស្វិតដៃជើងលើកទី២ នៅកណ្តាលតំបន់ហ្គាហ្សាបន្ទាប់ពីការចាក់វ៉ាក់សាំងរយៈពេលពីរថ្ងៃគឺ ១៥៦,៩៤៣នាក់” ។
ទោះបីជាយ៉ាងណាក៏ដោយ អំពើហិង្សាដែលកំពុងបន្តគំរាមកំហែងដល់គោលដៅនៃយុទ្ធនាការនៃការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៩០ ភាគរយនៃកុមារ ដែលជាគោលដៅសំខាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគ។ បន្ថែមពីលើវ៉ាក់សាំងការពារជំងឺស្វិតដៃជើង កុមារកំពុងទទួលបានថ្នាំគ្រាប់វីតាមីន A ដើម្បីពង្រឹងភាពស៊ាំរបស់ពួកគេ។
អង្គការសុខភាពពិភពលោកបានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃស្ថានការណ៍ដោយរាយការណ៍ថាក្នុងចំណោមបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ៥៤ ដែលបានគ្រោងទុកទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងក្នុងខែតុលា មានតែបេសកកម្មមួយប៉ុណ្ណោះដែលត្រូវបានបញ្ចប់ដោយជោគជ័យ ដោយនៅសល់ត្រូវបានលុបចោល ឬរារាំងដោយសារតែជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា