បរទេស៖ ជនសង្ស័យចំនួន ១៧ នាក់នៅក្នុងសំណុំរឿងបោកប្រាសនៃក្រុមហ៊ុន The iCon Group ត្រូវបានបញ្ជូនទៅដាក់ពន្ធនាគារ បន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធ សំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីចំនួន ៣ នាក់ ដោយលើកឡើងពីហានិភ័យ នៃការគេចខ្លួនតាមលារហោះហើរ ខណៈដែលអ្នកផ្សេងទៀត មិនបានដាក់ពាក្យសុំដោះលែង។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃ ដែលនាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) កំណត់ទីតាំងម៉ាស៊ីនមេដែលមានកំណត់ត្រា អាជីវកម្មរបស់ក្រុមហ៊ុនលក់អនឡាញ ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីត។ អាជ្ញាធរក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃ ២២០លានបាត រួមទាំងរថយន្តទំនើបៗជាច្រើនផងដែរ ។
ប៉ូលីសបាននាំខ្លួនជនសង្ស័យចំនួន ១៧ នាក់ទៅកាន់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីស្វែងរកការឃុំខ្លួន ខណៈដែលស្ថាបនិក និងជានាយកប្រតិបត្តិ iCon លោក Warathaphon “Boss Paul” Waratyaworrakul កំពុងត្រូវបានសាកសួរដោយក្រុមស៊ើបអង្កេតនៅឡើយ។ លោក Warathaphon នឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃសុក្រ។
ជនសង្ស័យទាំង ១៨ នាក់ ដែលត្រូវបានគេហៅថា “ក្រុមចៅហ្វាយនាយ” នៅក្នុងឋានានុក្រមទីផ្សារ iCon ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីមនុស្សជាង ១.០០០ នាក់បានដាក់ពាក្យបណ្តឹងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុននេះ។ ពួកគេនិយាយថា iCon បានទាក់ទាញពួកគេដោយផ្តល់ វគ្គបណ្តុះបណ្តាលលក់អនឡាញថោកៗ ហើយបន្ទាប់មកបានបង្ខិតបង្ខំពួកគេឱ្យ ធ្វើការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដែលខ្លះនាំឱ្យខាតបង់រាប់រយពាន់បាត។
ជនសង្ស័យទាំងអស់ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងការក្លែងបន្លំជាសាធារណៈ និងបញ្ចូលព័ត៌មានមិនពិតទៅក្នុងប្រព័ន្ធកុំព្យូទ័រ។ ជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់ ៕
ប្រែសម្រួលៈ ណៃ តុលា