បរទេស៖ ដំបូងឡើយ ក្រុមមន្ត្រីបានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ២២០ លានបាត រួមទាំងរថយន្តទំនើបចំនួន ២៣ គ្រឿង ពីជនសង្ស័យក្នុងសំណុំរឿងក្លែងបន្លំរបស់ក្រុម The iCon Group ។ ជិតមួយភាគបួននៃចំនួនសរុបជា កម្មសិទ្ធិរបស់នាយកប្រតិបត្តិរបស់ iCon Group។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ទ្រព្យសម្បត្តិត្រូវបានរឹបអូសពីជនសង្ស័យទាំង ១៨ នាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ថា ក្រុមហ៊ុនលក់អនឡាញនេះ បានដំណើរការគម្រោងបោកប្រាស់ពីរ៉ាមីត ដែលបណ្តាលឱ្យមានការខាតបង់ សម្រាប់មនុស្សរាប់រយនាក់។
យោងតាមប្រភពបានឱ្យដឹងថា គ្រាន់តែទ្រព្យសម្បត្តិដែលរឹបអូសពីនាយកប្រតិបត្តិ iCon លោក Warathaphon “Boss Paul” Waratyaworrakul តែម្នាក់ឯងត្រូវបានគេប៉ាន់ស្មានថាមានតម្លៃ ៦១ លានបាត។
ការរឹបអូសទាំងនោះ រួមមានរថយន្ត Mercedes-Benz S500e , រថយន្ត Bentley Flying Spur Hybrid , រថយន្ត Rolls-Royce , កាបូបប្រណីតៗ, នាឡិកាដៃ និងអាវុធអាវុធ ផងដែរ។
អាជ្ញាធរក៏បានរឹបអូសទ្រព្យសម្បត្តិ ដែលមានតម្លៃប្រហែល ៣០ លានបាតពីឈ្មោះ Panjarat Kanokrakthanaporn ដែលរួមមាន រថយន្តម៉ាក McLaren និង ម៉ាក BMW X3 ៕
ប្រែសម្រួលៈ ណៃ តុលា