តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យ ដឹងនៅថ្ងៃព្រហស្បតិ៍នេះថា គ្រាប់បែកចំនួន០២ គ្រាប់ទម្ងន់២៥០គីឡូក្រាម ត្រូវបានគេរកឃើញ នៅជិតអាកាសយានដ្ឋាន Miyako នៅក្រុង Okinawa របស់ប្រទេសជប៉ុន នៅក្នុងខែតុលានេះ ។
ទូរទស្សន៍ជាតិ NHK បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីរដ្ឋាភិបាលក្រុង Miyakojima ដែលបានលើកឡើងថា គ្រាប់បែកមិនទាន់ផ្ទុះដែលមានទំហំ ដូចគ្នាទៅនឹងគ្រាប់បែកមិនទាន់ផ្ទុះ ដែលបានបំផ្ទុះនៅលើផ្លូវតាក់ស៊ីឆ្ពោះ ទៅអាកាសយានដ្ឋាន Miyazaki កាលពីថ្ងៃទី២ ខែតុលា ត្រូវបានរកឃើញនៅក្នុងទីវាលមួយ ដែលនៅជាប់នឹងអាកាស យានដ្ឋាន Miyako ។
រដ្ឋាភិបាល Miyakojima កំពុងធ្វើការសម្របសម្រួល ជាមួយអង្គភាពជំនាញ របស់កងកម្លាំងស្វ័យការពារជប៉ុន ដើម្បីធានាបាននូវការបោះចោល គ្រាប់បែកដែលទើបរកឃើញថ្មីៗនេះឲ្យបានឆាប់រហ័ស ។
បន្ទាប់ពីមានការផ្ទុះនៅឯអាកាសយានដ្ឋាន Miyazaki កាលពីដើមខែនេះ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន បានចាប់ផ្តើមការស្ទង់ទិន្នន័យបន្ទាន់នៅអាកាសយានដ្ឋានចំនួនកា០៥លពីថ្ងៃពុធ ។ អាកាសយានដ្ឋានទាំងអស់នេះ ស្ថិតនៅលើអតីតទីតាំងយោធាជប៉ុន ដែលគ្រាប់មិនទាន់ផ្ទុះត្រូវបានរកឃើញកាលពីមុនមក ។ កាលពីឆ្នាំមុន គ្រាប់បែកទម្ងន់៥០គីឡូក្រាម ផលិត ដោយសហរដ្ឋអាមេរិក ចំនួន០៥គ្រាប់ ត្រូវបានគេរកឃើញ នៅជិតអាកាសយានដ្ឋាន Miyako នេះ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា