បរទេស៖ នាយកដ្ឋានចំនួនប្រាំមួយក្នុងប្រទេសបារាំង បានដាក់នៅលើការជូនដំណឹង ពីការប្រុងប្រយ័ត្នពណ៌ ក្រហមសម្រាប់ទឹកជំនន់ ចំពេល “ភ្លៀងធ្លាក់ខ្លាំងមិនធម្មតា” ដែលទីភ្នាក់ងារអាកាសធាតុបារាំងបាននិយាយថា មានរហូតដល់ ៦៣០ មីលីម៉ែត្រ (២៤,៨ អ៊ីញ) ក្នុងរយៈពេល ៤៨ ម៉ោងនៅក្នុងតំបន់មួយ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា តំបន់ដែលគ្របដណ្តប់ដោយការប្រកាសអាសន្នពណ៌ ក្រហមរួមមានទីក្រុង Lyon ដែលជាទីក្រុងធំទី៣ នៅក្នុងប្រទេស ក៏ដូចជាទីក្រុង Cannes ដែលល្បីល្បាញសម្រាប់មហោ ស្រពភាពយន្តរបស់ខ្លួន។
អាជ្ញាធរបារាំងបាននិយាយថា ពួកគេបានបិទផ្លូវ ជម្លៀសប្រជាជនចេញពីសង្កាត់ និងបានស្នើឱ្យអ្នកស្រុកជៀសវាងថតរូប ឬ វីដេអូ នៅកន្លែងគ្រោះថ្នាក់។ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ ឬរបួសនៅឡើយទេ ហើយគេមិនទាន់ដឹងច្បាស់ថា កម្រិតនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងនេះ ស្ថិតនៅកម្រិតណានោះទេ ។
ទឹកជំនន់នៅភាគខាងត្បូង នៃប្រទេសបារាំងកើតឡើង មួយសប្តាហ៍បន្ទាប់ ពីសំណល់នៃព្យុះសង្ឃរា Kirk បានបោកបក់ពាសពេញអឺរ៉ុបខាងលិច និងជិតមួយខែបន្ទាប់ពីទីក្រុង Cannes បានវាយប្រហារដោយទឹកជំនន់ភ្លាមៗ។
កាលពីដើមខែកញ្ញា នៅអឺរ៉ុបកណ្តាលត្រូវបានវាយលុក ដោយទឹកជំនន់ដ៏អាក្រក់បំផុត នៅក្នុងតំបន់នោះ ក្នុងរយៈពេលយ៉ាងហោចណាស់ ពីរទសវត្សរ៍៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									