ព័ត៌មានអន្តរជាតិ

លោកខាងលិចនាំគ្នា ប្រតិកម្មនិងសាទរចំពោះការស្លាប់បាត់បង់ជីវិត របស់មេដឹកនាំហាម៉ាស

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានសាទរចំពោះព័ត៌មានដែលថា អ៊ីស្រាអែលបានសម្លាប់លោក Yahya Sinwar ដែលជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ក្នុងអំឡុងពេលការប្រយុទ្ធគ្នានៅហ្គាហ្សា។

គួរឲ្យដឹងដែរថាកងកម្លាំងការពារអ៊ីស្រាអែល ហៅកាត់ថា IDF បានប្រកាសពីការស្លាប់របស់ Sinwar កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានគេរាយការណ៍ថា បានបញ្ជាក់ពីអត្តសញ្ញាណ របស់គាត់តាមរយៈការធ្វើតេស្ត DNA ។

ប្រធានាធិបតីអាមេរិក Joe Biden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយសេតវិមានថា នេះគឺជាថ្ងៃដ៏ល្អសម្រាប់អ៊ីស្រាអែល សម្រាប់សហរដ្ឋអាមេរិក និងសម្រាប់ពិភពលោក។

ចំពោះការការស្លាប់របស់លោក Sinwar លោក Biden បាននិយាយថា គឺជាការបង្ហាញជាថ្មីម្តងទៀតថា គ្មានភេរវករនៅគ្រប់ទីកន្លែងក្នុង ពិភពលោកអាចគេចផុតពីយុត្តិធម៌ ទោះបីជាវាត្រូវចំណាយពេលយូរប៉ុណ្ណាក៏ដោយ។

លោក Biden បានប្រៀបធៀបការស្លាប់របស់លោក Sinwar ទៅនឹងការសម្លាប់មេដឹកនាំអាល់កៃដារបស់អាមេរិក Osama Bin Laden នៅក្នុងឆ្នាំ២០១១ ហើយបាននិយាយថា ឆាប់ៗនេះ លោកនឹងទាក់ទងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដើម្បីពិភាក្សាអំពីវិធីដើម្បីបញ្ចប់សង្រ្គាម Gaza ចាប់តាំងពី Sinwar លែងមានវត្តមាននៅលើលោកបែបនេះ និងលែងក្លាយជាឧបសគ្គធំសម្រាប់ អនាគត​ក្រោយ​ក្រុម​ហាម៉ាស​ដែល​បំផ្លិចបំផ្លាញ។

លោកក៏បានបង្ហាញផងដែរថា សហរដ្ឋអាមេរិកបានធ្វើការ ដោយមានការគាំទ្រពេញទំហឹង ជាមួយអ៊ីស្រាអែល ដើម្បីជួយកំណត់ទីតាំង និងតាមដាន របស់លោក Sinwar និងមេដឹកនាំក្រុមហាម៉ាស់ផ្សេងទៀត នៅក្នុងតំបន់ហ្គាហ្សាផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top