សេអ៊ូល៖ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលគេស្គាល់ថា ប្រទេសកូរ៉េខាងជើងនោះ បានហៅ ប្រទេសកូរ៉េខាងត្បូងថា “ជាប្រទេសបរទេស និងជាប្រទេសអរិភាព” ហើយបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា “ការយល់ដឹងឥតប្រយោជន៍អំពីជនរួមជាតិ និងគំនិតមិនសមហេតុផលនៃការបង្រួបបង្រួមជាតិ។ ការលើកឡើងដូច្នេះ ត្រូវបានធ្វើឡើង “នៅគ្រាដែលមេដឹកនាំរូបនេះបានថ្លែងទៅកាន់ទំនាក់ទំនងអន្តរកូរ៉េ ខណៈគាត់បានអំពាវនាវឱ្យបង្កើនសមត្ថភាពប្រយុទ្ធក្នុងសង្គ្រាម នៅក្នុងអំឡុងពេលធ្វើដំណើរត្រួតពិនិត្យ ទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលលេខ ២ នៃកងទ័ពប្រជាជនកូរ៉េកាលពីថ្ងៃព្រហស្បតិ៍ ។
ទីភ្នាក់ងារ KCNA បានឲ្យដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បានធ្វើការកត់សម្គាល់ ខណៈលោកបានធ្វើដំណើរទៅលើកទឹកចិត្តដល់នាយទាហាន និងកងទ័ពនៃអង្គភាពចម្រុះដ៏ច្រើន ដែល “បានការពារទឹកដីប្រកបដោយទំនុកចិត្ត ហើយរដ្ឋរបស់យើងតែងតែរក្សាការត្រៀមខ្លួនប្រយុទ្ធពេញទំហឹង ដោយមានការប្រុងប្រយ័ត្នខ្ពស់នៅជួរមុខក្បែរព្រំដែន” ។
លោក គីម បានដឹងពីការត្រៀមខ្លួនប្រយុទ្ធរបស់អង្គភាពយោធាដែលត្រៀមខ្លួនរួចជាស្រេចសម្រាប់ប្រតិបត្តិការប្រយុទ្ធក្រោមកងអង្គរក្ស បន្ទាប់ពីត្រូវបានធ្វើសេចក្តីថ្លែងការណ៍ដោយសង្ខេបអំពីស្ថានភាពបច្ចុប្បន្ននេះ ។
ទីភ្នាក់ងារ KCNA បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង បានរំលឹកដល់កងកម្លាំងប្រដាប់អាវុធ “យ៉ាងច្បាស់លាស់ដែលថា កូរ៉េខាងត្បូងជាប្រទេសបរទេស និងជាប្រទេសអរិភាពពិតប្រាកដ” ដោយសំដៅទៅលើកូរ៉េខាងត្បូង ដោយប្រើអក្សរកាត់នៃឈ្មោះផ្លូវការរបស់ខ្លួន គឺសាធារណរដ្ឋកូរ៉េ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា