ព័ត៌មានអន្តរជាតិ

នាយកធនាគារ កណ្តាលជប៉ុន ព្រមានថា សេដ្ឋកិច្ចទីផ្សារមិនមានស្ថិរភាព និងហានិភ័យ កើតឡើងជាសកល

Kyodo

តូក្យូ ៖ លោកនាយកធនាគារ ជប៉ុន Kazuo Ueda បានលើកឡើង នៅថ្ងៃសុក្រនេះថា ធនាគារកណ្តាលជប៉ុន ត្រូវតែផ្តោតទៅលើផល ប៉ះពាល់សេដ្ឋកិច្ចនៃទីផ្សារមិនមានស្ថិរភាព និង ហានិភ័យពីក្រៅប្រទេស ហើយ ធនាគារកណ្តាលមិន គប្បីណាប្រញាប់ប្រញាល់ ដំឡើង អត្រាការប្រាក់ បន្ថែមទៀតនោះទេ ។

លោក Ueda បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុន កំពុងងើបឡើងវិញ ក្នុងកម្រិតមធ្យម ហើយទំនង ជានឹង ពន្លឿនអតិផរណា មូលដ្ឋានបន្តិចម្តងៗ ឆ្ពោះទៅរកគោលដៅ២ភាគរយ របស់ធនាគារកណ្តាល ដែលបានកំណត់ទុក ។

ប៉ុន្តែលោក បានព្រមានអំពីភាព មិនច្បាស់លាស់ “នៅតែខ្ពស់” ដដែល ជុំវិញការរំពឹងទុកនៃការងើបឡើងវិញ របស់ប្រទេសនេះ ហើយបានសង្កត់ធ្ងន់ទៅលើ តម្រូវការក្នុងការ តាមដានយ៉ាង ជិតស្និទ្ធលើផលប៉ះពាល់ នៃការប្រែប្រួលទីផ្សារសេដ្ឋកិច្ច ។

លោក Ueda បានថ្លែងដូច្នេះ នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំសមាគមជឿ ទុកចិត្តមួយ ដែលអានដោយនាយករង ធនាគារ Shinichi Uchida ក្នុងនាមរូបគាត់ថា “ទស្សនវិស័យសេដ្ឋកិច្ចក្រៅប្រទេស បូករួមទាំងសហរដ្ឋអាមេរិក នៅតែមិន ប្រាកដប្រជា ខណៈដែលការប្រែប្រួលទីផ្សារ នៅតែបន្តកើតមានឡើង ដោយមិនទាន់មានស្ថិរភាព” នៅឡើយទេ ។

លោកបានបញ្ជាក់ថា “សម្រាប់ពេលនេះ យើងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនូវការវិវត្តន៍បែបនេះ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យមើលពីការធ្លាក់ចុះទៅលើទស្សនវិស័យសេដ្ឋកិច្ច និងតម្លៃរបស់ប្រទេសជប៉ុន ហានិភ័យ ក៏ដូចជាលទ្ធភាពនៃការសម្រេចបាននូវការព្យាករណ៍របស់យើង” ។

ធនាគារជប៉ុន ហៅកាត់ថា BOJ បានបញ្ចប់នូវអត្រា ការប្រាក់អវិជ្ជមាននៅក្នុងខែមីនា ហើយបានដំឡើងអត្រា គោលនយោបាយរយៈពេលខ្លីរបស់ខ្លួនដល់០,២៥ភាគរយនៅក្នុងខែកក្កដា ដោយមើលឃើញថា ប្រទេសជប៉ុន កំពុងស្ថិតនៅលើផ្លូវមួយដើម្បីបំពេញតាមគោលដៅអតិផរណា២ភាគរយរបស់ធនាគារប្រកបដោយនិរន្តរភាព ។

លោក Ueda បានលើកឡើងថា ធនាគារ BOJ នឹងបន្តដំឡើង អត្រាការប្រាក់ ប្រសិនបើអតិផរណា នៅតែស្ថិតនៅ លើផ្លូវឆ្ពោះ ទៅរកនិរន្តរភាព២ភាគរយនៅគ្រា ដែលវាដូចនូវអ្វី ដែលបានគ្រោងទុកនោះ ។ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ផងដែរថា ធនាគារនឹងចំណាយ ពេលវេលាដើម្បីវាយតម្លៃ ថាតើ ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោកប៉ះពាល់ ដល់ការងើបឡើងវិញ ដ៏ផុយស្រួយរបស់ប្រទេសជប៉ុន យ៉ាងដូចម្តេចដែរ ៕

To Top