បរទេស៖ មនុស្សជាង ២.០០០ នាក់ បានដាក់ពាក្យប្តឹងទៅប៉ូលីស ប្រឆាំងនឹងក្រុមហ៊ុន The iCon Group ដែលជាអ្នកផ្សព្វផ្សាយ ពាណិជ្ជកម្ម និងលក់អនឡាញដ៏លេចធ្លោមួយ ចំពោះការចោទប្រកាន់ថា បានដំណើរការគម្រោង បោកប្រាសបែបពីរ៉ាមីតដែលបណ្តាលឱ្យមានការខាតបង់សរុបចំនួន ៨៤១ លានបាត។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ៍ សោភ័ណ្ឌ សារ៉ាផាត ស្នងការរងនៃការិយាល័យស៊ើបអង្កេតមជ្ឈិម (CIB) បានរាយការណ៍កាលពីថ្ងៃសុក្រថា ពាក្យបណ្តឹងសរុបចំនួន ២.១៧០ ត្រូវបានគេដាក់ប្តឹង iCon Group។
ជាការឆ្លើយតប អគ្គស្នងការ នគរបាលជាតិ លោកឧត្តមសេនីយ៍ គិត រ៉ាត់ ផាន់ផេត បានណែនាំដល់អង្គភាព នគរបាលទូទាំងប្រទេស ឱ្យបង្កើតមជ្ឈមណ្ឌលទទួលពាក្យបណ្តឹង យកគំរូតាម CIB ដោយធានាថា ជនរងគ្រោះទាំងអស់អាច រាយការណ៍ពីទុក្ខសោកបាន។
ឧត្តមសេនីយ៍ សោភ័ណ្ឌ បាននិយាយថា គ្រប់អង្គភាពនគរបាល ត្រូវតែទទួលយកពាក្យបណ្ដឹង។ ការខកខានក្នុងការធ្វើដូ ច្នេះនឹងនាំឱ្យមានការចាត់វិធានការ វិន័យប្រឆាំងនឹងភ្នាក់ងារទាំងនោះ។
សូមជម្រាបថា អាជ្ញាធរថៃ បានរឹបអូសរថយន្តទំនើបចំនួន ២៤ គ្រឿង លុយចំនួន ៧,៥ លានបាត នាឡិកា ៥១ គ្រឿង និងកាបូប និងផលិតផលម៉ាកល្បីៗជាច្រើនពីជនសង្ស័យពាក់ព័ន្ធនឹងករណីក្លែងបន្លំរបស់ The iCon Group ដែលតម្លៃទ្រព្យសម្បត្តិរឹបអូសសរុបមានប្រមាណ ២១០ លានបាត។ ជនសង្ស័យខ្លះដែលផ្ទេរទ្រព្យសម្បត្តិទៅអ្នកដទៃអាចប្រឈមនឹងការចោទប្រកាន់បន្ថែម ពីបទលាងលុយកខ្វក់៕
ប្រែសម្រួលៈ ណៃ តុលា