ហ្គាហ្សា៖ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា មេដឹកនាំក្រុមហាម៉ាស់ លោក Yahya Sinwar ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការមួយ នៅតំបន់ហ្គាហ្សា ភាគខាងត្បូង នៅពេលមួយ ខណៈដែលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ឆ្លងកាត់រយៈពេលមួយឆ្នាំរបស់ខ្លួន ជាមួយនឹងកិច្ចចរចាសន្តិភាពត្រូវបានជាប់គាំង។
ភ្លាមៗបន្ទាប់ពីការសម្លាប់របស់លោក Sinwar ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានទូរស័ព្ទទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដើម្បីពិភាក្សាអំពី “របៀបប្រើប្រាស់ពេលវេលានេះ ដើម្បីដោះដូរចំណាប់ខ្មាំង និងធ្វើឱ្យសង្រ្គាមឈានដល់ទីបញ្ចប់ជាមួយនឹងសន្តិសុខរបស់អ៊ីស្រាអែល ដែលត្រូវបានធានា ហើយក្រុមហាម៉ាស់ មិនអាចគ្រប់គ្រងតំបន់ហ្គាហ្សាបានទៀតនោះទេ” ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែលបាន “ដោះស្រាយ” ប៉ុន្តែបានប្តេជ្ញាបន្តប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា រហូតដល់ចំណាប់ខ្មាំងទាំងអស់ត្រូវបានត្រឡប់មកវិញ។
ការស្លាប់របស់លោក Sinwar ដែលស្នងតំណែងលោក Ismail Haniyeh ជាមេដឹកនាំក្រុមហាម៉ាស់ បន្ទាប់ពីអ្នកចុងក្រោយត្រូវបានគេធ្វើឃាត នៅក្នុងការវាយប្រហារដោយសង្ស័យរបស់អ៊ីស្រាអែល នៅទីក្រុងតេអេរ៉ង់ កាលពីចុងខែកក្កដា បានជំរុញឱ្យមានការរំពឹងទុកអំពីអ្នកស្នងតំណែងរបស់លោក ដែលនឹងត្រូវចរចាតាមរយៈអ្នកសម្រុះសម្រួល ដើម្បីរស់ឡើងវិញនូវកិច្ចចរចាដើម្បីសន្តិភាពយូរអង្វែងនៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង ដែលមានសក្តានុពលជាមួយអ៊ីស្រាអែល។
បុរសខ្លាំងខាងយោធារបស់តំបន់ហ្គាហ្សាលោក Sinwar អាយុ ៦២ឆ្នាំ ត្រូវបានដោះលែងនៅក្នុងការដោះដូរអ្នកទោសឆ្នាំ២០១១ ជាមួយអ៊ីស្រាអែល បន្ទាប់ពីបានជាប់គុកជាង ២០ឆ្នាំ។
លោកបានចូលកាន់តំណែងជាអ្នកដឹកនាំក្រុមយោធារបស់ក្រុមហាម៉ាស់ គឺកងពលតូច al-Qassam ក្នុងឆ្នាំ២០១៣ ដោយសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរវាងការិយាល័យនយោបាយរបស់ហាម៉ាស់ និងការដឹកនាំរបស់កងពលតូច។ នៅខែកុម្ភៈ ឆ្នាំ២០១៧ លោកត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈការបោះឆ្នោតផ្ទៃក្នុង ហើយបានជាប់ឆ្នោតឡើងវិញនៅឆ្នាំ២០២១ សម្រាប់អាណត្តិទីពីររយៈពេល ៤ឆ្នាំ។ លោក Sinwar ត្រូវបានគេស្គាល់ថាជាមនុស្សប្រយ័ត្នប្រយែងម្នាក់ដែលកម្រនិយាយជាសាធារណៈណាស់៕
ប្រែសម្រួល ឈូក បូរ៉ា