ព័ត៌មានអន្តរជាតិ

លោកពូទីន ប្រធានាធិបតីរុស្ស៊ី ព្រមានអ៊ុយក្រែនអំពីអាវុធនុយក្លេអ៊ែរ

RT News

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងមិនអនុញ្ញាតឱ្យទីក្រុងកៀវ ទទួលបានអាវុធនុយក្លេអ៊ែរឡើយ ហើយការប៉ុនប៉ងធ្វើបែបនេះ នឹងត្រូវជួបជាមួយនឹងប្រតិកម្មសមស្រប។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានអះអាងថា ទីក្រុងគៀវ នឹងត្រូវការអាវុធបរមាណូ ឬ ចូលជាសមាជិកភាពណាតូ ដើម្បីធានាសន្តិសុខរបស់ខ្លួន។ លោកបានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ទីក្រុងគៀវបានត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតគ្រាប់បែកបរមាណូលើការជូនដំណឹងខ្លីៗដោយនិយាយថា ការពិភាក្សានុយក្លេអ៊ែរគឺគ្រាន់តែមានន័យថាគ្មានជម្រើសសម្រាប់ប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ។

លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រ នៅក្នុងសន្និសីទសារព័ត៌មានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេស BRICS នៅទីក្រុងមូស្គូថា “នេះគឺជាការបង្កហេតុមួយទៀត” , “នេះគឺជាការបង្កហេតុដ៏គ្រោះថ្នាក់មួយ ពីព្រោះជាក់ស្តែង ជំហានណាមួយក្នុងទិសដៅនេះ នឹងត្រូវបានឆ្លើយតបដោយប្រតិកម្មសមស្រប”។

ប្រធានាធិបតី​រុស្ស៊ី​បាន​កត់​សម្គាល់​ថា ថ្នាក់​ដឹកនាំ​នយោបាយ​អ៊ុយក្រែន​បាន​បង្ហាញ​ពី​បំណង​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ​ម្តង​ហើយ​ម្តង​ទៀត “សូម្បី​តែ​មុន​ពេល​វិបត្តិ​ប្រែ​ជា​ក្តៅ”។

លោក ពូទីន បានអះអាងថា ការផលិតអាវុធនុយក្លេអ៊ែរក្នុងពេលនេះ និងសម័យនេះមិនពិបាកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា លោកមិនដឹងថា តើអ៊ុយក្រែនមានសមត្ថភាពអាចសម្រេចបាននូវចំណុចនេះទេ ហើយថាការទទួលបានឃ្លាំងអាវុធនុយក្លេអ៊ែរ “នឹងមិនសាមញ្ញទេសម្រាប់អ៊ុយក្រែនក្នុងស្ថានភាពបច្ចុប្បន្ន”៕

ប្រែសម្រួលៈ ណៃ តុលា

To Top