ព័ត៌មានអន្តរជាតិ

ថៃ ដាក់ពង្រាយប៉ូលិសជាង ២០០នាក់ នៅផ្សារទំនើប Khon Kaen Central Plaza ក្រោយបុរសម្នាក់គំរាម មកបាញ់ប្រហារក្នុងពេល ៣០នាទី

Photo: Chakkrapan Natanri

បរទេស៖ អាជ្ញាធរ​របស់ប្រទេសថៃ កំពុង​តាម​រក​បុរស​ម្នាក់​ដែល​គំរាម​បាញ់​សម្លាប់​រង្គាល​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ផ្សារ Khon Kaen Central Plaza ។ សន្តិសុខ​នឹង​ត្រូវ​បាន​បង្កើន​នៅ​ទីតាំង​ងាយ​រងគ្រោះ​ទូទាំង​ខេត្ត​ភាគ​ឦសាន​ក្នុង​អំឡុង​ចុង​សប្តាហ៍។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ប៉ូលិសបានរាយការណ៍កាលពីថ្ងៃសុក្រថា ជនសង្ស័យមានឈ្មោះ Sai Sun Paur អាយុ ២២ឆ្នាំជនជាតិមីយ៉ាន់ម៉ា មិនត្រូវបានបញ្ជាក់ថាជាអ្នកនៅពីក្រោយការបង្ហោះនៅលើ Facebook នោះទេ ព្រោះរូបថត និងឈ្មោះរបស់គាត់អាចត្រូវបានគេក្លែងបន្លំ។

សារបង្ហោះមួយមានកាំភ្លើងខ្លីមួយដើមដែលមានចំណងជើងថា គាត់នឹងទៅដល់ផ្សារទំនើបក្នុងរយៈពេល ៣០នាទី។

ជាការឆ្លើយតប មន្ត្រីប៉ូលិសជាង ២០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់ផ្សារទំនើបក្នុងសង្កាត់ Muang នៅម៉ោង ៧ យប់ថ្ងៃព្រហស្បតិ៍។ អតិថិជន​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​ហាង​នានា​បាន​បិទ​មុន​កាល​កំណត់ ទោះ​បី​ជា​មិន​មាន​ការ​បាញ់​ប្រហារ​ក៏​ដោយ។

ផ្សារផ្លាហ្សាបានបើកដំណើរការជាធម្មតាវិញនៅថ្ងៃសុក្រ ដោយមន្ត្រីរក្សាវត្តមាន ដើម្បីធានាសុវត្ថិភាពសាធារណៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top