បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានអះអាងថា យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន មានប្រសិទ្ធភាព និងមានតម្លៃថោកជាងមីស៊ីលលោកខាងលិច ហើយទីក្រុងគៀវមិនត្រូវការការអនុញ្ញាតពីអ្នកផ្សេង ដើម្បីដាក់ពង្រាយពួកវានោះទេ។
ទីក្រុងគៀវបានកំពុងទាមទារអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច និងការអនុញ្ញាតឱ្យប្រើវាសម្រាប់ការវាយប្រហារជ្រៅ នៅក្នុងប្រទេសរុស្ស៊ីទាំងដែល ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កន្លងមកក៏តែងតែបានព្រមានហើយថា នេះនឹងមានន័យថា ជម្លោះបើកចំហជាមួយលោកខាងលិច ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ របស់អង្គការណាតូនៅទីក្រុងប្រ៊ូសែលកាលពីថ្ងៃសុក្រ លោក Austin បានគេចពីសំណួរអំពីមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច ដែលបង្កប់ន័យថា ការគំរាមកំហែងនុយក្លេអ៊ែរ របស់លោក Putin គឺបានទទួលជោគជ័យរួចទៅហើយឬយ៉ាងណា។ លោកក៏បានបដិសេធថា សហរដ្ឋអាមេរិកប្រហែលជាបានប្រាប់អ៊ុយក្រែន ឱ្យឈប់ធ្វើការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងយន្តហោះគ្មានមនុស្សបើកថែមទៀតផង។
គួឲ្យដឹងដែរថាកន្លងមកការឆ្លើយតបរបស់ទីក្រុងមូស្គូ ចំពោះការវាយលុករបស់យន្តហោះគ្មានមនុស្សបើករបស់ទីក្រុងគៀវ គឺជាការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់ ដែលបានធ្វើឱ្យខូចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនហើយ ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនបានក្លាយជាញឹកញាប់តិចជាងចាប់តាំងពីពេលនោះមក៕
ប្រែសម្រួល៖ ស៊ុនលី