ព័ត៌មានអន្តរជាតិ

លោក Putin ៖ ទំនាក់ទំនងរវាងចិន និងរុស្សីគឺជាទំនាក់ទំនងដែលមានភាពស្មើគ្នា

Xinhua

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគូសបញ្ជាក់ពីភាពជាដៃគូស្មើភាពគ្នារវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ដោយសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ពួកគេ ដែលជាកត្តាសំខាន់ក្នុងស្ថិរភាពពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយ BRICS កាលពីថ្ងៃសុក្រ លោកបានបន្ថែមថា ប្រទេសទាំងពីរ បានគិតគូរពីផលប្រយោជន៍របស់គ្នាទៅវិញទៅមកហើយតែងតែស្តាប់គ្នាទៅវិញទៅមក។

លោក Putin បានរិះគន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនចំពោះការអូសទាញសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនចូលទៅក្នុងជម្លោះជាមួយប្រទេសចិនហើយ លោក​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​កំពុង​តែ​បន្ត​អនុវត្ត​គោលនយោបាយ​ហួស​សម័យ ដើម្បី​ទប់ទល់​នឹង​ការ​កើនឡើង​សេដ្ឋកិច្ច​របស់​ទីក្រុង​ប៉េកាំង ដែល​ជាក់ស្តែងវាកំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន។

លោក Putin បានអះអាងថា ម៉្យាងវិញទៀត ទីក្រុងវ៉ាស៊ីនតោនបាននឹងកំពុងបន្តគោលនយោបាយប្រឆាំងផលិតភាពនៅអាស៊ី និងបញ្ចុះបញ្ចូលដៃគូអឺរ៉ុបរបស់ខ្លួនឱ្យធ្វើដូចគ្នានេះដែរ។

លោក Putin ក៏បានសង្កត់ធ្ងន់ដែរថា ឥឡូវនេះ វាមិនអាចទៅរួចទេសម្រាប់សហរដ្ឋអាមេរិកក្នុងការបញ្ឈប់ការអភិវឌ្ឍរបស់ប្រទេសចិន ហើយថាទីក្រុងវ៉ាស៊ីនតោនគឺយឺតពេល ១៥ ឆ្នាំទៅហើយក្នុងការប៉ុនប៉ងធ្វើកិច្ចការងារនេះ៕

ប្រែសម្រួល៖ ស៊ុនលី

To Top