ព័ត៌មានអន្តរជាតិ

បណ្ដាប្រទេសសហភាពអឺរ៉ុប ថ្កោលទោសការវាយប្រហារលើទីតាំង UNIFIL និងយល់ព្រមដាក់សម្ពាធលើអ៊ីស្រាអែល

Xinhua

ព្រុចសែល៖ បណ្តាប្រទេសនៃសហភាពអឺរ៉ុប  ដែលចូលរួមចំណែកកងទ័ពដល់កងកម្លាំងបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) បានថ្កោលទោសការវាយប្រហារលើទីតាំង UNIFIL និងបានយល់ព្រមបង្កើនសម្ពាធលើអ៊ីស្រាអែល ដើម្បីជៀសវាងឧបទ្ទវហេតុបន្ថែមទៀតពាក់ព័ន្ធនឹងបេសកកម្ម។

នាយករដ្ឋមន្ត្រីអ៊ីតាលីលោកស្រី Giorgia Meloni បានទៅបំពេញទស្សនកិច្ចនៅលីបង់កាលពីថ្ងៃសុក្រ។  នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះលីបង់លោក Najib Mikati លោកស្រី Meloni បានអំពាវនាវឱ្យមានការអនុវត្តពេញលេញ និងភ្លាមៗនៃដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយជំរុញឱ្យភាគីទាំងអស់ធានាសុវត្ថិភាព និងសន្តិសុខរបស់ UNIFIL ។

លោកស្រីបានលើកឡើងថា “ការកំណត់គោលដៅរបស់ UNIFIL គឺមិនអាចទទួលយកបាននោះទេ ហើយខ្ញុំសូមអំពាវនាវម្តងទៀតឱ្យភាគីទាំងអស់ធ្វើការដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់ទាហានទាំងនេះ”។

ប្រទេសចំនួន ១៦ នៃសហភាពអឺរ៉ុប បានយល់ព្រមបង្កើនសម្ពាធផ្នែកនយោបាយ និងការទូតលើអ៊ីស្រាអែល ដើម្បីជៀសវាងឧប្បត្តិហេតុបន្ថែមទៀតដែលពាក់ព័ន្ធនឹងបេសកកម្ម UNIFIL ។  ការសម្រេចចិត្តនេះត្រូវបានសម្រេចបន្ទាប់ពីសន្និសីទវីដេអូ ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោក Guido Crosetto និងសមភាគីបារាំងលោក Sebastien Lecornu កាលពីថ្ងៃពុធ។

សន្និសិទតាមវីដេអូពាក់ព័ន្ធនឹងប្រទេសសំខាន់ៗរបស់សហភាពអឺរ៉ុប រួមមាន អៀរឡង់ អាល្លឺម៉ង់ អេស្បាញ អូទ្រីស និងក្រិក ក្នុងចំណោមប្រទេសដទៃទៀត។  ប្រទេសទាំងនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាវត្តមាន UNIFIL ប្រកបដោយស្ថិរភាពនៅក្នុងតំបន់ និងបានអះអាងថាការផ្លាស់ប្តូរណាមួយ ចំពោះអនាគតនៃបេសកកម្មគួរតែត្រូវបានសម្រេចរួមគ្នាដោយអង្គការសហប្រជាជាតិ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top