ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្តរបបដាក់ទណ្ឌកម្ម លើប្រទេសហៃទី

Xinhua

យូអិន ៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុញ្ញាតឱ្យបន្ត រយៈពេលមួយឆ្នាំ នៃរបបដាក់ទណ្ឌកម្មលើប្រទេសហៃទី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមប្រឹក្សាសន្តិសុខ ដោយអនុម័តជាឯកច្ឆ័ន្ទដំណោះស្រាយលេខ ២៧៥២ បានសម្រេចចិត្តបន្តការ ហាមឃាត់ការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិ និងពង្រីកវិសាលភាព នៃការហ៊ុមព័ទ្ធអាវុធ ក៏ដូចជាលក្ខណៈវិនិច្ឆ័យនៃការកំណត់សម្រាប់វិធានការទាំងនោះ ដែលត្រូវបានបង្កើតឡើងដំបូងក្នុងខែតុលា ឆ្នាំ២០២២ ដើម្បីលុបបំបាត់អំពើហឹង្សា របស់ក្រុមក្មេងទំនើង ដែលកំពុងកើតមាន និងស្ដារសន្តិសុខឡើងវិញ ក្នុង​ប្រទេស​ដែល​មាន​វិបត្តិមួយនេះ។

ក្រុមប្រឹក្សាបានសម្រេចថា ពាក់ព័ន្ធនឹងការចាត់តាំងសម្រាប់ទណ្ឌកម្ម សកម្មភាព ដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ ឬស្ថិរភាពរបស់ប្រទេសហៃទី ដូចដែលមានចែងក្នុងដំណោះស្រាយក្រុមប្រឹក្សាលេខ ២៦៥៣ ក្នុងឆ្នាំ២០២២ រួមមាន “ការចូលរួមក្នុងសកម្មភាព ដែលធ្វើឱ្យមានអស្ថិរភាព ដល់ប្រទេសហៃទី តាមរយៈការកេងប្រវ័ញ្ចខុសច្បាប់ ឬពាណិជ្ជកម្មធនធានធម្មជាតិ” ។

នៅក្នុងនោះដំណោះស្រាយក៏បានសម្រេចថា វិសាលភាពនៃការហ៊ុមព័ទ្ធអាវុធ ដែលត្រូវបានធ្វើវិសោធនកម្មក្នុងដំណោះស្រាយក្រុមប្រឹក្សាលេខ ២៦៩៩ ក្នុងឆ្នាំ២០២៣ ត្រូវរួមបញ្ចូលទាំង “អាវុធ និងសម្ភារៈពាក់ព័ន្ធគ្រប់ប្រភេទ ក៏ដូចជាជំនួយបច្ចេកទេស ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ ឬជំនួយផ្សេងទៀត ដែលពាក់ព័ន្ធដល់សកម្មភាពយោធា ដូចដែលបានកំណត់ដំបូងនៅក្នុងដំណោះស្រាយ ២៦៥៣ របស់ក្រុមប្រឹក្សា”។

ក្រុមប្រឹក្សានេះបានលើកទឹកចិត្តឱ្យមានការសម្របសម្រួល កាន់តែខ្លាំងក្នុងចំណោមគណៈកម្មាធិការ ក្រុមប្រឹក្សាសន្តិសុខ និងក្រុមអ្នកជំនាញរបស់ខ្លួន ការិយាល័យរួមបញ្ចូលគ្នា របស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី (BINUH) ការិយាល័យអង្គការ សហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងក្របខ័ណ្ឌតំបន់ផ្សេងទៀត លើការអនុវត្តទណ្ឌកម្ម រួមទាំងបទប្បញ្ញត្តិ នៃការហាមឃាត់អាវុធ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top