ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស ​ការ​វាយ​ប្រហារ ​តាម​អាកាស ​របស់​អាមេរិក និង​អង់គ្លេស លើ​ប្រទេសយេម៉ែន

Xinhua

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ តាមផ្លូវអាកាស របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ទៅលើរដ្ឋធានីសាណា និងខេត្តសាដា របស់ប្រទេសយេម៉ែន។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយ ដោយក្រសួងមួយថ្ងៃបន្ទាប់ពីក្រុមហ៊ូទី របស់ប្រទេសយេម៉ែន បានរាយការណ៍ថា យន្តហោះរបស់សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយឆ្មក់ចំនួន ៦ ដងលើទីក្រុងសាណា និង ៩ដងនៅខេត្តសាដា ភាគខាងជើងប្រទេស ។

លោក Baghaei បានពណ៌នាអំពីការវាយប្រហារ តាមផ្លូវអាកាសថាជា “ការរំលោភបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទប្បញ្ញត្តិច្បាប់អន្តរជាតិ” ដែលហាមប្រាមការប្រើប្រាស់កម្លាំងប្រឆាំង នឹងប្រទេសដទៃទៀត និងជំរុញឱ្យមានការគោរព ចំពោះបូរណភាពទឹកដីរបស់ប្រទេសដទៃទៀត។

លោកបានបន្ថែមថា ការវាយឆ្មក់តាមអាកាសដោយសហរដ្ឋអាមេរិក និងអង់គ្លេស ប្រឆាំងនឹងយេម៉ែន ស្របពេលជាមួយនឹងការបន្តអាវុធ និងការគាំទ្រផ្នែកនយោបាយ សម្រាប់ “អំពើប្រល័យពូជសាសន៍” របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា និងការសម្លាប់មនុស្សនៅក្នុងប្រទេសលីបង់ គឺជាភស្តុតាងច្បាស់លាស់នៃភាពស្មុគស្មាញ និងភាពជាដៃគូឧក្រិដ្ឋកម្មរបស់ពួកគេជាមួយអ៊ីស្រាអែល”។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ូទី បាននិងកំពុងធ្វើការវាយប្រហារដោយមីស៊ីល និង យន្តហោះដ្រូន លើអ្វីដែលខ្លួនបានឲ្យដឹងថា ជាកប៉ាល់ “ភ្ជាប់ជាមួយអ៊ីស្រាអែល” នៅក្នុងដែនទឹកក្នុងតំបន់ និងលើសពីនេះ ក៏ដូចជាគោលដៅ ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ ហ្គាហ្សា ចំពេលមានជម្លោះជាមួយជនជាតិអ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top