ព័ត៌មានអន្តរជាតិ

មនុស្សជាង ១លាននាក់ នៅស៊ូដង់ខាងត្បូង រងគ្រោះដោយសារគ្រោះទឹកជំនន់

AFP

ជូបា៖ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារមនុស្សធម៌របស់ អង្គការសហប្រជាជាតិបានឲ្យដឹងថា គ្រោះទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លៀងធ្លាក់ ចុះយ៉ាងខ្លាំងបានវាយប្រហារ មកលើផ្នែកជាច្រើន នៃប្រទេសស៊ូដង់ខាងត្បូង និងបានបង្កឲ្យមានផលប៉ះពាល់ ដល់មនុស្សជាង ១លាននាក់ ។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា (OCHA) បានឲ្យដឹងនៅក្នុងការកែប្រែថ្មី ដែលចេញផ្សាយនៅក្រុងជូបា រដ្ឋធានីរបស់ប្រទេសស៊ូដង់ខាងត្បូង កាលពីល្ងាចថ្ងៃសុក្រថា គ្រោះទឹកជំនន់បានធ្វើឱ្យមនុស្សប្រហែល ២៧១.០០០នាក់ ផ្លាស់ទីលំនៅនៅក្នុងស្រុកចំនួន៤២ ក្នុងចំណោមស្រុកទាំង៧៨ នៅក្នុងប្រទេសនេះ ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបានឲ្យដឹងថា ៤០ភាគរយ នៃចំនួនប្រជាជនដែលរងផលប៉ះពាល់ គឺមកពីភាគខាងជើងរដ្ឋ Bahr el Ghazal និងរដ្ឋ Unity ។ អង្គការសហប្រជាជាតិបានព្យាករណ៍ថា គ្រោះទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកនេះ អាចបង្កផលប៉ះពាល់ដល់មនុស្សរហូតដល់ ៣,៣លាននាក់ នៅចន្លោះខែកញ្ញាដល់ខែធ្នូ ។

ទីភ្នាក់ងារដដែលនេះបានឲ្យដឹងថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងបង្កជាគ្រោះទឹកជំនន់បានធ្វើឱ្យ ផ្លូវផ្គត់ផ្គង់សំខាន់ៗចំនួន១៥ខ្សែ មិនអាចឆ្លងកាត់បានដោយរឹតបន្តឹងការចូល ។

ប្រទេសស៊ូដង់ខាងត្បូង កំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ ដែលមិនធ្លាប់មានពីមុនមកនោះទេ ជាមួយនឹងការព្យាករណ៍ ពីបរិមាណទឹកភ្លៀងលើសពីមធ្យមភាគ ទឹកទន្លេហូរចេញពីប្រទេសអ៊ូហ្គង់ដា និងទឹកជំនន់ដែលអាចបំបែកកំណត់ត្រាបានផងដែរ ។

យោងតាមរបាយការណ៍របស់ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសនេះ គឺស្ថិតក្នុងភាពព្រួយបារម្ភបំផុត ក្នុងចំណោមប្រទេសដែលជួបនូវ ភាពអត់ឃ្លានទាំង១៨ នៅទូទាំងពិភពលោក ដែលសន្តិសុខស្បៀង កាន់តែយ៉ាប់យ៉ឺនទៅៗ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top