ព័ត៌មានអន្តរជាតិ

សមយុទ្ធជើងទឹករួមគ្នា IMEX ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តធ្វើឡើងនៅដែនទឹក ភាគខាងត្បូងប្រទេសអ៊ីរ៉ង់

Xinhua

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ឲ្យដឹងថា សមយុទ្ធកងទ័ពជើងទឹក មហាសមុទ្រឥណ្ឌា ហៅកាត់ (IONS) សមយុទ្ធដែនសមុទ្រ ហៅកាត់ (IMEX)ប្រចាំឆ្នាំ២០២៤នេះបានចាប់ផ្តើម កាលពីថ្ងៃសៅរ៍នៅដែនទឹក ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់ ។

យោងតាមទីភ្នាក់ងារ IRNA បានផ្សាយឲ្យដឹងថា ប្រទេសរុស្ស៊ី និងអូម៉ង់ បានបញ្ជូនកងនាវាចម្បាំងរបស់ពួកគេ ដើម្បីចូលរួមនៅក្នុងសមយុទ្ធរួមជាមួយនឹង កងកម្លាំងនៃកងទ័ពជើងទឹកអ៊ីរ៉ង់ និងកងនាវាចរនៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ហៅកាត់ថា (IRGC) ក៏ដូចជាឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសនេះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត ឥណ្ឌា ថៃឡង់ដ៏ ប៉ាគីស្ថាន កាតា និងបង់ក្លាដេស ក៏បានបញ្ជូនអ្នកតំណាងរបស់ពួកគេ ទៅចូលរួមក្នុងសមយុទ្ធនេះក្នុងនាម ជាអ្នកសង្កេតការណ៍ផងដែរ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកំពង់ផែ Bandar Abbas នៅភាគខាងត្បូង កាលពីថ្ងៃសៅរ៍ លោក Mostafa Tajeddini អ្នកនាំពាក្យនៃសមយុទ្ធ បានលើកឡើងថា នាវា និងអង្គភាពដែលចូលរួមនឹង បង្កើតសេណារីយ៉ូផ្សេងៗគ្នា រួមទាំងការពន្លត់អគ្គីភ័យ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងការយកប្រេងចេញពីនាវាពីផ្ទៃសមុទ្រ នៅក្នុងអំឡុងពេលធ្វើសមយុទ្ធនេះ ។

លោកបានលើកឡើងទៀតថា ការប្រជុំ និងសិក្ខាសាលាជំនាញមួយចំនួន ក៏នឹងត្រូវធ្វើឡើងនៅក្នុងអំឡុងពេល ធ្វើលំហាត់សមយុទ្ធនេះដែរ។

លោក Tajeddini បានបញ្ជាក់ថា សារនៃសមយុទ្ធនេះ គឺសំដៅទៅលើ “សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top