ព័ត៌មានអន្តរជាតិ

វៀតណាម នាំចូលបន្លែ និងផ្លែឈើច្រើនពីប្រទេសចិន ដោយសារតែតម្លៃថោក ជាងប្រទេសផ្សេង រហូតដល់ ៣០ភាគរយ

VN Express

បរទេស ៖ វៀតណាមបាននាំចូលបន្លែ និងផ្លែឈើ ពីប្រទេសចិនក្នុងតម្លៃ៦៩៧លានដុល្លារក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៤ កើនឡើង២៤% បើធៀបនឹងឆ្នាំមុន ។ ផលិតផលកសិកម្ម ដែលនាំចូល ពីប្រទេសចិន ធ្លាប់ត្រូវបានលក់តែនៅក្នុងទីផ្សារប្រពៃណីប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាក៏អាចត្រូវ បានរកឃើញនៅហាងលក់រាយធំៗ ជាច្រើនដូចជា MM Mega និង Co.opmart ផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ឱ្យដឹងថា ការនាំចូលសំខាន់ៗរួមមាន ផ្លែប៉ោម ទំពាំងបាយជូ ខ្ទឹមស ខ្ទឹមបារាំង និងដំឡូងបារាំង ហើយជារឿយៗមានតម្លៃថោកជាងផលិតផលពីប្រទេសផ្សេងៗពី 10 ទៅ 30% ។

លោក Vo Thanh Loc សហស្ថាបនិក នៃក្រុមហ៊ុនលក់រាយ Farmer’s Market បាននិយាយថា ក្រុមហ៊ុនធ្លាប់បានប្រភព ផលិតផលរបស់ខ្លួន ពីប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ប៉ុន្តែថ្មីៗនេះបានបញ្ចូលផលិតផលរបស់ចិន ទៅក្នុងបញ្ជីនេះ ដោយសារវាមានរូបរាង ស្រស់ស្អាត និងមានច្រើនប្រភេទ។

ទីផ្សារកសិកម្ម Thu Duc របស់ទីក្រុងហូជីមិញ បានទទួលបន្លែ និងផ្លែឈើចំនួន ៨៨.៤០០តោន ដែលនាំចូលពីប្រទេសចិនមកទល់ពេលនេះ។

លោក Dang Phuc Nguyen អគ្គលេខាធិការ នៃសមាគមន៍បន្លែ និងផ្លែឈើវៀតណាម បាននិយាយថា ប្រទេសចិនអាចកែលម្អគុណភាពផ្លែ ឈើរបស់ខ្លួនតាមរយៈការគ្រប់គ្រង និងការវេចខ្ចប់ក្នុងតំបន់កសិកម្ម។

លោកបានបន្ថែមថា ដោយសារការកាត់បន្ថយថ្លៃដឹកជញ្ជូន និងគ្មានកិច្ចព្រមព្រៀងពន្ធ នាំចូលរវាងប្រទេសចិន និងប្រទេសអាស៊ាន ផលិតផលរបស់ចិន មានអត្ថប្រយោជន៍ក្នុងប្រទេសវៀតណាម ៕
ប្រែសម្រួលៈ ណៃ តុលា

To Top