បរទេស៖ អ្នកនាំពាក្យកង កម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បានអះអាងថា អ៊ីស្រាអែលបានកំណត់លេណដ្ឋានជាឃ្លាំងមួយដែលគេអះអាងថា មានមាសនិងសាច់ប្រាក់ រាប់រយលានដុល្លារ ស្ថិតនៅក្រោមមន្ទីរពេទ្យធំមួយក្នុងរដ្ឋធានីលីបង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ បានកើតឡើងនៅពេល ដែលអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារ តាមអាកាសជាបន្តបន្ទាប់ ទៅលើទីក្រុងបេរូត ដោយផ្តោតលើសមាគម Al-Qard Al-Hassan ដែលជាប្រព័ន្ធធនាគារ ដែលគេអះអាងថា ដំណើរការដោយចលនា ហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់។
លោក Hagari បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា “កងកម្លាំងអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាង ជាក់លាក់ជាបន្តបន្ទាប់ លើមូលដ្ឋានរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ពួក Hezbollah” ដោយបន្ថែមថា ការវាយប្រហារនេះមានគោល បំណងធ្វើឱ្យខូចសមត្ថភាពរបស់ក្រុមក្នុងការ ផ្តល់ហិរញ្ញប្បទានដល់ការវាយ ប្រហាររបស់ខ្លួនលើអ៊ីស្រាអែល។
លោកបានអះអាងថា IDF បានវាយប្រហារបន្ទប់ក្រោមដីមួយ នៅពីក្រោមអគារលំនៅឋាន ដែលផ្ទុកប្រាក់ និងមាសរាប់លានដុល្លារ ។ ទោះបីជាយ៉ាងណាក៏ដោយ គោលដៅសំខាន់មួយទៀតដែលមិនទាន់ ត្រូវបានវាយប្រហារគឺ លេនដ្ឋានដែលគេសន្មត់ថា ជាកម្មសិទ្ធិរបស់អតីតប្រធានក្រុម Hezbollah លោក Hassan Nasrallah ដែល IDF បានសម្លាប់កាលពីចុងខែកញ្ញា។
ឃ្លាំងនេះត្រូវបានគេរាយការណ៍ថា នៅ “ដោយផ្ទាល់នៅក្រោមមន្ទីរពេទ្យ El Sahel ក្នុងបេះដូងនៃទីក្រុង Beirut ក្នុងទីក្រុង Dakhia” ។ លោក Hagari បានអះអាងបន្ថែមថា “មានប្រាក់រាប់រយលានដុល្លារជាសាច់ប្រាក់ និងមាសនៅក្នុងលេន ដ្ឋាននាពេលឥឡូវនេះ” ៕