រ៉ាម៉ាឡា៖ ប្រេសិតប៉ាឡេស្ទីន បានឲ្យដឹងថា កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ក្នុងកម្រិតនៃអ្នកតំណាងអចិន្ត្រៃយ៍ ចំពេលមានការឈ្លានពានរបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើង។
លោក Mohanad Alaklouk ដែលជាតំណាងអចិន្ត្រៃយ៍របស់ប៉ាឡេស្ទីន ទៅកាន់សម្ព័ន្ធអារ៉ាប់បានឲ្យដឹងថា សំណើនេះកើតឡើងដោយសារ ការកើនឡើងនៃ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល ដែលបានប្រព្រឹត្តប្រឆាំង នឹងប្រជាជនប៉ាឡេស្ទីន ដែលគ្មានការការពារ។
ដោយកត់សម្គាល់ពីទង្វើដ៏អាក្រក់របស់កងទ័ពអ៊ីស្រាអែល ដែលបានបណ្តាលឱ្យមាន “ការផ្លាស់ទីលំនៅដោយបង្ខំ ការបំផ្លិចបំផ្លាញ និងការអត់ឃ្លាន ជាពិសេសនៅតំបន់ ហ្គាហ្សាភាគខាងជើង” លោក Alaklouk បានអំពាវនាវឱ្យ សម្ព័ន្ធអារ៉ាប់ និងរដ្ឋជាសមាជិករបស់ខ្លួនទទួលខុសត្រូវ ចំពោះ “ឧក្រិដ្ឋកម្មដែលមិនធ្លាប់មានពីមុនមក” ដែលបង្កការគំរាមកំហែងដល់ សន្តិសុខនៃរដ្ឋអារ៉ាប់ទាំងមូល។
គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែល បានបន្តប្រតិបត្តិការ ជើងគោករបស់ខ្លួននៅក្នុងជំរំ Jabalia ដែលជាជំរុំជនភៀសខ្លួន ប៉ាឡេស្ទីនដ៏ធំបំផុតនៅតំបន់ ហ្គាហ្សារយៈពេល ១៦ ថ្ងៃជាប់ៗគ្នា ដោយអះអាងថា ប្រតិបត្តិការនេះមានគោលបំណង រារាំងក្រុមយុទ្ធជនហាម៉ាស់ពីការប្រមូលផ្តុំគ្នា ដើម្បីបើកការវាយប្រហារបន្ថែមទៀត។
ក្នុងអំឡុងពេលប្រតិបត្តិការ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនរាប់រយនាក់ បំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងបានបង្ខំគ្រួសារជាច្រើនឱ្យភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា