បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថា បេក្ខភាពប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលបានអះអាងដែលថា លោកបានគំរាមកំហែង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយនឹងការវាយប្រហារលើទីក្រុងមូស្គូ គឺដោយសារតែវាគ្រាន់ជាវោហា សាស្ត្រនៃការបោះឆ្នោត របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែត Wall Street Journal កាលពីថ្ងៃសុក្រ លោក Trump បាននិយាយថា នៅពេលលោកធ្វើជាប្រធានាធិបតី លោកបានព្រមានលោក Putin ថាលោកនឹងកំណត់គោលដៅ វាយប្រហារទៅលើទីក្រុងមូស្គូ ប្រសិនបើរុស្ស៊ីនៅតែសម្រេចចិត្ត បន្តប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ុយក្រែន។
នៅពេលដែលត្រូវបាន សួរដោយអ្នកសារព័ត៌មានឱ្យដោះស្រាយបញ្ហានេះកាលពីថ្ងៃចន្ទ លោក Peskov បានឆ្លើយតបថា អាជ្ញាធររុស្ស៊ីប្រកាន់ខ្ជាប់ នូវជំហរទទួលខុសត្រូវខ្ពស់ របស់ពួកគេក្នុងការមិនបង្ហាញ ជាសាធារណៈនូវខ្លឹមសារ នៃការសន្ទនាដែលធ្វើឡើងក្នុងកម្រិតខ្ពស់បំផុតនោះទេ។
លោកបានសង្កត់ធ្ងន់ថា៖យ៉ាងណាក្តី មេដឹកនាំពិភពលោកមួយចំនួន មិនប្រកាន់ខ្ជាប់នូវគោលជំហរនេះទេ ហើយក្នុងករណីនេះ សូមកុំសង្កេតមើលភាពត្រឹមត្រូវ នៃការប្រើប្រាស់ព័ត៌មានបែបនេះ ប៉ុន្តែវាស្ថិតនៅលើមនសិការរបស់ពួកគេប៉ុណ្ណោះ។
លោកPeskov បានកត់សម្គាល់ថា៖បច្ចុប្បន្នមានសេចក្តីថ្លែងការណ៍ដ៏ក្ដៅគគុក និងរំជួលចិត្តជាច្រើន កំពុងត្រូវបានធ្វើឡើងនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធនាការបោះឆ្នោត ជាពិសេសនៅក្នុងដំណាក់កាលចុងក្រោយរបស់វាពោលគឺនៅមុនពេលនៃការបោះឆ្នោតថ្ងៃទី៥ខែវិច្ឆិកាមកដល់៕
ប្រែសម្រួល៖ស៊ុនលី