បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងជួបទល់មុខគ្នា ជាមួយប្រធានាធិបតីចិន Xi Jinping និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅក្នុងកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃអង្គារនេះ ។
ក្រៅពីជំនួបជាមួយលោក Xi និង Modi លោក Putin ក៏នឹងជួបពិភាក្សាទ្វេភាគី ជាមួយប្រធានាធិបតីអាហ្វ្រិក ខាងត្បូងលោក Cyril Ramaphosa ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah el-Sisi និងលោកស្រី Dilma Rousseff អតីតប្រធានាធិបតីប្រេស៊ីល ដែលបច្ចុប្បន្នជាប្រធាន ធនាគារអភិវឌ្ឍន៍ថ្មី BRICSផងដែរ ។
លោក Putin និងលោក Xi បានជួបគ្នាចុងក្រោយនៅ Astana តាំងតែពីក្នុងខែកក្កដា នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់អង្គការសហប្រតិបត្តិការ សៀងហៃ។
គួរឲ្យដឹងដែរថាប្រធានាធិបតីរុស្ស៊ី បានជួបលោក Modi ប៉ុន្មានថ្ងៃក្រោយមក នៅទីក្រុងមូស្គូ ដោយមេដឹកនាំឥណ្ឌាបានប្រកាសថា កិច្ចពិភាក្សាបានដំណើរការទៅយ៉ាងវែងឆ្ងាយ ក្នុងការពង្រឹងចំណងមិត្តភាព រវាងឥណ្ឌា និងរុស្ស៊ីបន្ថែមទៀត។
លោក Ushakov ក៏បាននិយាយដែរថា លោកPutinក៏នឹងមានគោលបំណងជួប ជាមួយមេដឹកនាំនៃបណ្តារដ្ឋទាំងអស់ ដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូល BRICSដែរ ៕
ប្រែសម្រួល៖ស៊ុនលី