ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ស្លាប់ និងរបួសជាង៣០នាក់ នៅក្នុងពេលអ៊ីស្រាអ៊ែល វាយប្រហារតាមផ្លូវអាកាស ទៅលើក្រុងបេរ៉ាត់ ប្រទេសលីបង់

AFP

បេរ៉ាត់៖ ក្រសួងសុខភាពសាធារណៈរបស់ប្រទេសលីបង់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ចំនួន០៤នាក់ រួមទាំងកុមារម្នាក់ ត្រូវបានស្លាប់ និងចំនួន២៧នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យសាធារណៈ ដ៏ធំបំផុតរបស់ប្រទេសលីបង់ នៅជិតជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរ៉ាត់ ។

ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានកំណត់គោលដៅជុំវិញ មន្ទីរពេទ្យសាកលវិទ្យាល័យ Rafik Hariri ក្នុងតំបន់ Jnah ដែលមានទីតាំងនៅជាយក្រុង បេរ៉ាត់ នៅភាគខាងត្បូង ។

ទូរទស្សន៍ក្នុងស្រុក al-Jadeed បានផ្សាយថា រថយន្តសង្គ្រោះជាង២៥គ្រឿងសម្រាប់ក្រុមកាកបាទក្រហមលីបង់ និងក្រុមការពារជនស៊ីវិលបានប្រញាប់ប្រញាល់ ទៅកាន់តំបន់នោះ ។ ការស្វែងរកជនរងគ្រោះដែលជាប់ នៅក្រោមគំនរបាក់បែកក្បែរមន្ទីរពេទ្យនៅតែបន្ត ។

ការវាយប្រហារតាមផ្លូវអាកាសបានបង្ខំឲ្យអ្នកស្រុក នៅក្នុងតំបន់នេះចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ស្វែងរកជម្រកសុវត្ថិភាពជាងនៅកន្លែងផ្សេងទៀត ។

យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល ក៏បានបើកការវាយប្រហារ តាមផ្លូវអាកាសទៅលើតំបន់ Ouzai ដែលជាតំបន់ដែលមានប្រជាជនរស់នៅយ៉ាងច្រើន ស្ថិតនៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរ៉ាត់ ក្បែរព្រលានយន្តហោះ បេរ៉ាត់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top