ហ្គាហ្សា៖ មន្ត្រីក្រុមហាម៉ាស់ និងអ្នកវិភាគ ប៉ាឡេស្ទីន បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែល បានធ្វើឱ្យមានការខាតបង់ យ៉ាងធ្ងន់ធ្ងរ លើក្រុមហាម៉ាស់ ដោយបានសម្លាប់មេ ដឹកនាំរបស់ខ្លួន លោក Yahya Sinwar ប៉ុន្តែវានឹងមិននាំទៅ ដល់ការដួល រលំនៃក្រុមនេះទេ។
ទោះបីជាការពិតដែលថា កងទ័ពអ៊ីស្រាអែល បានសម្លាប់លោក Sinwar ក៏ដោយ “វានឹងមិនសម្លាប់ឬបញ្ចប់ ការតស៊ូប៉ាឡេស្ទីននៃចលនាហាម៉ាស់នោះទេ ព្រោះពួកគេប្រកាន់យកនូវ មនោគមវិជ្ជា នៃការទប់ទល់ នឹងការកាន់កាប់របស់ អ៊ីស្រាអែល ដែលលួចទឹកដីរបស់យើង ហើយសម្លាប់ប្រជាជន របស់យើងអស់ជាច្រើនទសវត្សរ៍”។
ក្នុងរយៈពេលជាច្រើនទសវត្សរ៍នៃជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន មេដឹកនាំចលនាប៉ាឡេស្ទីន ភាគច្រើនត្រូវបានគេធ្វើឃាតក្នុងពេល កំពុងកាន់តំណែង រួមមានលោក Ahmed Yassin, លោក Abdel Aziz al-Rantisi, លោក Salah Shehade, លោក Ibrahim al-Makadmeh ហើយថ្មីៗនេះក៏មានលោក Ismail Haniyeh និងលោក Yahya Sinwar ។
លោក Mirdawi បានលើកឡើងថា “បន្ទាប់ពីការធ្វើឃាតនីមួយៗ ក្រុមហាម៉ាស់ កាន់តែរឹងមាំ មានការតាំងចិត្ត និងសមត្ថភាពកាន់តែច្រើន ក្នុងការប្រឈមមុខ នឹងអ្នកកាន់កាប់ ដោយបង្កើតមធ្យោបាយតស៊ូថ្មី ហើយលើកនេះ វាក៏នឹងទទួលបានជោគជ័យ ក្នុងការធ្វើដូច្នេះដែរ”។
ក្រុមហាម៉ាស់បានបញ្ជាក់ កាលពីថ្ងៃសុក្រពីការស្លាប់ របស់លោក Sinwar ។ វាបានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ទាហានរបស់ខ្លួនបានសម្លាប់លោក Sinwar នៅក្នុងប្រតិបត្តិការមួយនៅតំបន់ហ្គាហ្សាស្ទ្រីប ភាគខាងត្បូង ៕
ប្រែសម្រួល ឈូក បូរ៉ា