ប៊ែរឡាំងៈ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz បានអះអាងជាថ្មីម្តងទៀតការប្រឆាំងរបស់ខ្លួន ចំពោះការដំឡើងពន្ធរបស់សហភាពអឺរ៉ុប លើរថយន្តអគ្គិសនីរបស់ចិន (EVs) ដោយជំរុញឱ្យមានការពន្យារពេល ក្នុងការអនុវត្តវិធានការដ៏ចម្រូងចម្រាសទាំងនេះ ដើម្បីចៀសវាងការប៉ះពាល់ ដល់ផលប្រយោជន៍របស់ប្រទេសភាគីទាំងពីរ។
នាយកប្រតិបត្តិក្រុមហ៊ុន Mercedes-Benz លោក Ola Kaellenius បានប្រាប់សារព័ត៌មានអាល្លឺម៉ង់ Bild កាលពីថ្ងៃចន្ទថា “យើងត្រូវការពាណិជ្ជកម្មសេរីបន្ថែមទៀត មិនមែនជាឧបសគ្គបន្ថែមទេ” ។
លោកបានសង្កត់ធ្ងន់ថា ពន្ធដែលបានស្នើឡើងនឹងបរាជ័យ ក្នុងការលើកកម្ពស់ការប្រកួតប្រជែង ជាសកលរបស់សហភាពអឺរ៉ុប ដែលជាកត្តាសំខាន់សម្រាប់ការ ផ្លាស់ប្តូរដ៏ជោគជ័យរបស់ប្លុក និងកំណើនសេដ្ឋកិច្ចរយៈពេលវែង។
នៅពេលដែលថ្ងៃផុតកំណត់សម្រាប់ពន្ធ ដែលបានគ្រោងទុកកាន់តែខិតជិតមកដល់ Kaellenius បានអំពាវនាវឱ្យអឺរ៉ុប ស្វែងរកដំណោះស្រាយដែលមានតុល្យភាព ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ការចរចានឹងត្រូវការពេលវេលា ហើយបានជំរុញឱ្យសហភាពអឺរ៉ុប បន្តការពិភាក្សាដើម្បីចៀសវាងការបង្កើនជម្លោះ។
ឧស្សាហកម្មរថយន្តអាល្លឺម៉ង់ និងរដ្ឋាភិបាលសហព័ន្ធ បានចែករំលែកកង្វល់របស់ក្រុមហ៊ុន Mercedes-Benz ។ ទាំងពីរបានសម្តែងការប្រឆាំងយ៉ាងច្បាស់ ចំពោះពន្ធការពារនិយម ដោយព្រមានថាវិធានការបែបនេះអាច បង្កឱ្យមានការឡើងថ្លៃពន្ធ ឬសូម្បីតែសង្គ្រាមពាណិជ្ជកម្ម ដែលចុងក្រោយគំរាមកំហែងដល់ ផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់របស់សហភាពអឺរ៉ុប ៕
ប្រែសម្រួល ឈូក បូរ៉ា