ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី អ៊ុយក្រែនថា អាល្លឺម៉ង់ មិនគាំទ្រ ដល់សមាជិកភាព របស់ទីក្រុងគៀវ ក្នុងអង្គការណាតូ ព្រោះអាល្លឺម៉ង់ខ្លាចរុស្ស៊ី

AFP

បរទេស៖ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតី អ៊ុយក្រែន បាននិយាយថា ទីក្រុងប៊ែកឡាំង មិនគាំទ្រដល់សមាជិក ភាពរបស់ទីក្រុងគៀវ ក្នុងអង្គការណាតូ នោះទេ ព្រោះតែអាល្លឺម៉ង់ ខ្លាចប្រតិកម្ម របស់ទីក្រុងមូស្គូ ប៉ុន្តែនឹងធ្វើតាមការដឹកនាំ របស់ទីក្រុងវ៉ាស៊ីនតោន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះ មេដឹកនាំអ៊ុយក្រែន បានវិលត្រឡប់មកពីដំណើរទស្សនកិច្ចនៅអឺរ៉ុបខាងលិច និងសហរដ្ឋអាមេរិក ដើម្បីស្វែងរកការគាំទ្រសម្រាប់ “ផែនការជ័យជំនះ” របស់លោកនៅក្នុងជម្លោះជាមួយរុស្ស៊ី ។ ខណៈពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានសន្យាថា នឹងបំពាក់អាវុធ និងគ្រាប់រំសេវបន្ថែមទៀត ប៉ុន្តែមានប្រទេសភាគច្រើនមិនគាំទ្រ។

លោក ហ្សេលេនស្គី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវកាលពីថ្ងៃចន្ទថា “ខ្ញុំនិយាយអ្វីគ្រប់យ៉ាងដូចដែលខ្ញុំឃើញវា ហើយមិនដូចអ្នកណាម្នាក់អាចនឹងចូលចិត្តនោះទេ។ ភាគីអាល្លឺម៉ង់មានការងឿងឆ្ងល់អំពីការចូលជាសមាជិកអង្គការណាតូ របស់យើង ហើយនោះជាការពិត” ។

លោកបានទទួលស្គាល់ថា ប្រទេសអាល្លឺម៉ង់ ជាប្រទេសទីពីរបន្ទាប់ពី សហរដ្ឋអាមេរិកទាក់ទង នឹងជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាដល់អ៊ុយក្រែន ប៉ុន្តែលោកបានអះអាងថា អាជ្ញាធរនៅទីក្រុងប៊ែរឡាំង “ខ្លាចប្រធានបទណាតូ-អាល្លឺម៉ង់ នៅពេលដែលមានប្រតិកម្មពីរុស្ស៊ី។ នោះជាអ្វីដែលវាបែបនឹង»។

លោកក៏បានអះអាងផងដែរថា ចក្រភពអង់គ្លេស បារាំង និងអ៊ីតាលី សុទ្ធតែបានគាំទ្រ នូវអ្វីដែលគេហៅថាផែនការជ័យជម្នះ ប៉ុន្តែថាសម្ព័ន្ធមិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ទាំងអស់នៅអឺរ៉ុបកំពុងរង់ចាំលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី អាមេរិកមុន នឹងធ្វើដោយបើកចំហ៕
ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top