ម៉ានីល៖ អង្គការសុខ ភាពពិភពលោក (WHO) បានប្រកាសពីការលុបបំបាត់ ជំងឺភ្នែកដោយជោគជ័យ របស់ប្រទេស វៀតណាម ដែលជាមូលហេតុដ៏សំខាន់ នៃភាពពិការភ្នែក នៅទូទាំងពិភពលោក ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់ មួយនៅក្នុងសុខភាពពិភពលោក។
ជំងឺភ្នែក (trachoma) ជាជំងឺកើតឡើង ដោយសារការឆ្លងមេរោគជាមួយបាក់តេរី Chlamydia trachomatis ។ ក្នុងសម័យប្រជុំលើកទី៧៥ នៃគណៈកម្មាធិការតំបន់របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច ស្ថាប័នសុខាភិបាល បានបញ្ជាក់ពីការខិតខំប្រឹង ប្រែងរបស់វៀតណាម ដោយថា ប្រទេសនេះបានអនុវត្តវិធានការ ត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងបានព្យាបាល មនុស្សរាប់សែននាក់ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមកនេះ។
យោងតាមអង្គការ សុខភាពពិភពលោក ជំងឺភ្នែកធ្លាប់ជាបញ្ហា សុខភាពសាធារណៈ នៅក្នុងខេត្តចំនួនបួន ក្នុងប្រទេសវៀតណាម។ កាលពី ៣០ឆ្នាំមុន ១,៧ ភាគរយ នៃប្រជាជនដែលរស់នៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ ទាំងនេះតម្រូវឱ្យធ្វើការវះកាត់ ដើម្បីការពារពិការភ្នែក ពីជំងឺមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំ២០២៣ សមាមាត្រ នៃមនុស្សពេញវ័យ ដែលមានទម្រង់ពិការ ភ្នែកនៃជំងឺនេះ បានធ្លាក់ចុះក្រោម ០,២ ភាគរយ ដែលជាកម្រិត ដែលត្រូវការ សម្រាប់សុពលភាពរបស់អង្គការ សុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺភ្នែក ចេញពីបញ្ហាសុខភាពសាធារណៈ ។
ប្រភពបានបន្ថែមថា ការអនុម័តរបស់វៀតណាម នូវយុទ្ធសាស្រ្តសុវត្ថិភាព របស់ WHO ដែលផ្តោតលើការវះកាត់ភ្នែក ថ្នាំអង់ទីប៊ីយោទិច និងភាពស្អាតនៃផ្ទៃមុខ បានជំរុញការលុបបំបាត់ ជំងឺភ្នែក នៅក្នុងប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា