ព័ត៌មានអន្តរជាតិ

ចិននាំចូលបង្កង ពីវៀតណាម កើនឡើងដល់៣៣ដង ដោយសារតែតម្លៃថោក

បរទេស ៖ ការនាំចេញបង្កងរបស់វៀតណាម ទៅកាន់ប្រទេសចិនបានកើនឡើង ៣៣ដងពីមួយឆ្នាំទៅមួយឆ្នាំដល់ ២០៥,៨៧ លានដុល្លារ ក្នុងខែមករាដល់ខែកញ្ញា ដោយសារតម្លៃទាប និងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា នេះបង្ហាញពីការកើនឡើង ៣,២៨៥ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post កាលពីថ្ងៃអង្គារ ដោយដកស្រង់ស្ថិតិពីរដ្ឋបាលទូទៅនៃគយនៃប្រទេសចិន។

ក្នុងខែកញ្ញាតែមួយ ការនាំចូលបង្កងពីប្រទេសវៀតណាមបានកើនឡើង ១៣៣,៩ភាគរយ ធៀបនឹងខែសីហា និង ២,៣៣៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។

ការនាំចូលបង្កងសរុបរបស់ប្រទេសចិនបានកើនឡើង ៤០,៨៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥៥៨,២៤ លានដុល្លារក្នុងរយៈពេលដូចគ្នា ខណៈដែលតម្លៃនាំចូលធ្លាក់ចុះ ២៣ភាគរយ ។

អ្នកវិភាគបាននិយាយថា ការកើនឡើងនេះមានន័យថា អ្នកប្រើប្រាស់ចិន នៅតែមានការចង់បានអាហារ ដែលមានតម្លៃខ្ពស់ បើទោះបីជាមានការស្ទាក់ស្ទើរ ក្នុងការចំណាយរួម ក៏ដោយ ដោយបន្ថែមតម្លៃ នៃការនាំចូលពីប្រទេសវៀតណាម គឺទាបជាងប្រទេសដទៃ ទៀតដោយសារតែភាពខុសគ្នា នៃកម្លាំងពលកម្ម និងការដឹកជញ្ជូន។

យោងតាមលោកស្រី Phung Thi Kim Thu អ្នកជំនាញមកពីសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រវៀតណាម , ការបន្ធូរបន្ថយបទប្បញ្ញត្តិ នាំចូលអាហារសមុទ្រ របស់ប្រទេសចិន រួមជាមួយនឹងកិច្ចព្រមព្រៀង ទ្វេភាគីដែលបានចុះហត្ថលេខា និងច្បាប់សេរីភាវូបនីយកម្ម ពាណិជ្ជកម្មក្រោមភាព ជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់ (RCEP) បានសម្របសម្រួល កំណើននៃការនាំចេញបង្កងរបស់វៀតណាម។

ប្រទេសចិនក៏គ្រោងនឹងចាប់ផ្តើមការនាំចូលបង្កងអូស្ត្រាលីឡើងវិញផងដែរ។ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ នៅទីក្រុងប៉េកាំង និងទីក្រុងកង់បេរ៉ា បានព្រមព្រៀងគ្នាដើម្បីលុបចោលការផ្អាករយៈពេលជិត ៤ ឆ្នាំលើការនាំចេញបង្កងនៅដំណាច់ឆ្នាំនេះ៕
ប្រែសម្រួលៈ ណៃ តុលា
xinhua

To Top