បរទេស ៖ បណ្តាប្រទេស BRICS ដែលជាអង្គការអន្តររដ្ឋាភិបាល រួមមានប្រទេស ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម គឺបានប្រឆាំង និងថ្កោលទោស យ៉ាងខ្លាំង ចំពោះការអនុវត្តទណ្ឌកម្ម នយោបាយខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ ដល់ការអភិវឌ្ឍន៍ នៃរដ្ឋដទៃទៀត, នេះបើយោង តាមសេចក្តីប្រកាសរួម ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល BRICS លើកទី១៦ នៅទីក្រុង Kazan ប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា មានចំណងជើងថា “ការពង្រឹងពហុភាគីនិយម សម្រាប់ការអភិវឌ្ឍន៍ និងសន្តិសុខសកល” ដែលមានកម្រាស់ ៣៣ ទំព័រ ‘សេចក្តីប្រកាស Kazan’ ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីកិច្ចប្រជុំពហុទម្រង់ជាច្រើន ដោយមេដឹកនាំ BRICS ។
សេចក្តីថ្លែងការណ៍បានសរសេរថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីឥទ្ធិពលរំខាន នៃវិធានការបង្ខិតបង្ខំឯកតោភាគីខុសច្បាប់ រួមទាំងការដាក់ទណ្ឌកម្មខុសច្បាប់ លើសេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្មអន្តរជាតិ និងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព”។
សេចក្តីថ្លែងការណ៍រួមបានចង្អុលបង្ហាញថា វិធានការបែបនេះគឺ “មិនស្របនឹងច្បាប់” របស់ WTO ធ្វើឱ្យខូចដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ឯកសារនេះបានសរសេរថា ទណ្ឌកម្មក៏ “ប៉ះពាល់អវិជ្ជមានដល់កំណើនសេដ្ឋកិច្ច ថាមពល សុខភាព និងសន្តិសុខស្បៀង ដែលធ្វើអោយភាពក្រីក្រ និងបញ្ហាប្រឈមបរិស្ថានកាន់តែធ្ងន់ធ្ងរ”។
សេចក្តីប្រកាសបានគូសបញ្ជាក់ថា “វិធានការបង្ខិតបង្ខំជាឯកតោភាគី អន្តរប្រទេសក្នុងទម្រង់ ជាទណ្ឌកម្មសេដ្ឋកិច្ចឯកតោភាគី និងទណ្ឌកម្មបន្ទាប់បន្សំ ដែលផ្ទុយនឹងច្បាប់អន្តរជាតិ” មានផលប៉ះពាល់យ៉ាងធំធេងចំពោះសិទ្ធិមនុស្ស រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍន៍ ជាទូទៅ, ចំនួនប្រជាជននៃរដ្ឋគោលដៅ ដែលប៉ះពាល់ដល់ជនក្រីក្រ និងប្រជាជនក្នុងស្ថានភាពងាយរងគ្រោះមិនសមាមាត្រ ៕
ប្រែសម្រួលៈ ណៃ តុលា